(ប៊ែរឡាំង)៖ អង្គការតម្លាភាពពិភពលោក (Transparency International) បានចេញរបាយការណ៍ចុងក្រោយបំផុតរបស់ខ្លួន ទាក់ទងនឹងកម្រិតនៃអំពើពុករលួយនៅក្នុងប្រទេសនានាជុំវិញពិភពលោក ខណៈប្រទេសដែលមានអំពើពុករលួយតិចតួចជាងគេបំផុតគឺដាណឺម៉ាក និងច្រើនជាងគេគឺសូម៉ាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍ស្តីពីអំពើពុករលួយ របស់អង្គការតម្លាភាពពិភពលោកសម្រាប់ឆ្នាំ២០១៨ ប្រទេសដាណឺម៉ាកឈរនៅលេខរៀងទី ១ ជាមួយពិន្ទុ ៨៨ នៃពិន្ទុពេញ ១០០ តាមពីក្រោយដោយនូវែលសេឡង់ ខណៈហ្វាំងឡង់ សិង្ហបុរី និងស៊ុយអែតស្ថិតនៅលេខ ៣ ស្ទួនៗគ្នាជាប្រទេសដែលខ្សត់អំពើពុករលួយបំផុតក្នុងលោក។
ដោយឡែកបើគិតបញ្ច្រាសពីក្រោមមកវិញ ប្រទេសទាំង ០៥ ដែលនៅបាតតារាងក្នុងចំណោមប្រទេសទាំង ១៨០ នៅក្នុងរបាយការណ៍នេះគឺ សូម៉ាលី ដែលទទួលបានត្រឹម ១០ពិន្ទុទាបជាងគេបង្អស់ហើយ ០៤ប្រទេសទៀតគឺស៊ីរី ស៊ូដង់ខាងត្បូង យេម៉ែន និងកូរ៉េខាងជើង ដែលក្លាយជាប្រទេសពុករលួយបំផុតទាំង ៥ របស់ពិភពលោក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺមហាអំណាចលេខ ១ លើពិភពលោក សហរដ្ឋអាមេរិកបានខ្ទាតចេញជាលើកដំបូង ពីប្រទេសឈរនៅលំដាប់កំពូលទាំង ២០ ដែលមិនសូវមានអំពើពុករលួយ គិតចាប់តាំងពីឆ្នាំ២០១១ ដោយនៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោនជាប់ចំណាត់ថ្នាក់លេខ ២២ ខណៈឆ្នាំ២០១៧ បិតាប្រជាធិបតេយ្យរបស់អន្តរជាតិមួយនេះ បានឈរនៅលេខ ១៦ ឯណោះ។
គួរជម្រាបថា បើគិតពីលេខរៀងតាមតំបន់វិញ តំបន់អាស៊ីប៉ាហ្វិកទទួលបានពិន្ទុជាមធ្យម ៤៤ នៃពិន្ទុពេញចំនួន ១០០ ដែលចំនួននេះទាបជាងបើធៀបនឹងពិន្ទុ ៦៦របស់សហភាពអឺរ៉ុប ប៉ុន្តែខ្ពស់ជាងតំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាលទៅវិញ៕