(វ៉ាស៊ីនតោន)៖ តំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ នឹងអនុម័តលើដំណោះស្រាយថ្មីមួយទៀត នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដើម្បីបញ្ឈប់សហរដ្ឋអាមេរិកក្នុងការចូលរួមធ្វើសង្រ្គាមបង្ហូរឈាមនៅប្រទេសយ៉េមែន។ នេះបើតាមការិយាល័យលោក ប៊ែនី សេនដឺស៍ (Bernie Sanders) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
ការិយាល័យសមាជិកព្រឹទ្ធសភាអាមេរិក លោក Bernie Sanders បានឱ្យដឹងដូច្នេះថា «លោក Sanders និងសមាជិកព្រឹទ្ធសភាអាមេរិកជាច្រើនរូបទៀត នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីប្រកាសពីការធ្វើបទបង្ហាញ ឡើងវិញពីដំណោះស្រាយថ្មីមួយទៀត សំដៅបិទបញ្ចប់ការចូលរួម និងការគំាទ្ររបស់សហរដ្ឋអាមេរិក ដល់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសង្រ្គាមយ៉េមែន»។
គួរជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០១៨ ព្រឹទ្ធសភាអាមេរិកក៏បានអនុម័តលើដំណោះស្រាយមួយផងដែរ ប៉ុន្តែតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋ ដែលពេលនោះកំពុងគ្រប់គ្រងសភាអាមេរិកបានរាំងខ្ទប់ដំណោះស្រាយនេះ។ ដោយឡែកបច្ចុប្បន្នដោយសារតែ សភាតំណាងរាស្ត្រស្ថិតក្រោមគណបក្សប្រជាធិបតេយ្យ ទើបគណបក្សប្រជាធិបតេយ្យចង់បានដំណោះស្រាយបែបនេះជាថ្មី៕