(វ៉ាស៊ីនតោន)៖ របាយការណ៍​មួយរបស់ទីភ្នាក់ងារស៊ើបការណ៍​សំងាត់អាមេរិក បានឱ្យដឹងថា កូរ៉េខាងជើងទំនងជា​នឹងមិនបោះចោល​អាវុធ​នុយក្លេអ៊ែររបស់ខ្លួន​ឡើយ ពីព្រោះវាគឺជាមធ្យោបាយ​ដ៏សំខាន់ក្នុងការ​បន្តរស់រាន្ដ​មានជីវិត​ នៃរបបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង។ នេះ បើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។

នាយកទីភ្នាក់ងារស៊ើបការណ៍​សំងាត់ជាតិអាមេរិក លោក ដេន ខូតស៍ (Dan Coats) បានបង្ហាញ​របាយការណ៍មាន​ចំណងជើង​ថា «​ការវាយ​តម្លៃ​លើ​ការគំរាមកំហែង​នៅទូទាំង​ពិភពលោក» (The Worldwide Threat Assessment) ទៅកាន់​ព្រឹទ្ធសភា​អាមេរិក​នៅថ្ងៃអង្គារ​សប្ដាហ៍នេះ។ របាយការណ៍ដដែលបាន​សង្កត់ធ្ងន់​ដូច្នេះថា «កូរ៉េខាងជើង​ទំនងជានឹងមិនបោះបង់​ចោល​ការផលិត និងការ​ស្ដុកទុក អាវុធ​នុយក្លេអ៊ែរទាំងស្រុង​នោះទេ ខណៈខ្លួនកំពុង​ព្យាយាម​ចរចា រំសាយ​អាវុធនុយក្លេអ៊ែរមួយ​ផ្នែក ដើម្បីទទួលបាន​សម្បទានពី​សហរដ្ឋអាមេរិក និងអន្តរជាតិ។

លើសពីនេះ​ទៅទៀត របាយការណ៍នេះក៏បាន​បញ្ជាក់ដែរថា បច្ចុប្បន្នអ៊ីរ៉ង់មិនមែន​កំពុងផលិតអាវុធ​នុយក្លេអ៊ែរឡើយ តែអ្វីដែល​​សំខាន់គឺការ​គំរាមកំហែង​ពីរុស្ស៊ី និងចិន កំពុងកើនឡើងនៅក្នុងបរិបទដែល​ប្រទេសទាំង ០២នេះ ត្រូវបាន​គេសង្ស័យថា នឹងលូកដៃ​ចូលកិច្ចការបោះឆ្នោត​អាមេរិក​ នៅឆ្នាំ២០២០​ខាងមុខ។

គួរបញ្ជាក់ថា របាយការណ៍​ខាងលើត្រូវបានចេញ​ផ្សាយ នៅចំពេលដែល​ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងជួបគ្នា​ជាថ្មីម្ដងទៀតក្នុងកិច្ចប្រជុំកំពូល​ជាលើកទី ២ នៅខែកុម្ភៈក្រោយនេះ៕