(ការ៉ាកាស់)៖ តុលាការកំពូលវេណេស៊ុយអេឡា បានចេញបម្រាមហាមឃាត់មេដឹកនាំបក្សប្រឆាំង លោក Juan Guaidó ចេញពី ប្រទេស និងបង្កកគណនីធនាគាររបស់លោកទាំងអស់ បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
ការសម្រេចចិត្តខាងលើរបស់តុលាការកំពូល ដែលស្មោះស្ម័គ្រនឹងលោកម៉ាឌូរ៉ូ ធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីអគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា លោក Tarek William Saab បានដាក់សំណើមួយឱ្យចាត់វិធានការប្រឆាំងនឹងលោក Guaidó។ ប្រធានតុលាការកំពូល លោក Maikel Moreno បានបញ្ជាក់ដូច្នេះថា៖ «មេដឹកនាំបក្សប្រឆាំងត្រូវជាប់បម្រាមចាកចេញពីប្រទេស រហូតដល់ការស៊ើបអង្កេតត្រូវបញ្ចប់ទាំងស្រុង ជុំវិញសកម្មភាពរបស់លោកដែលកំពុងបំផ្លាញសន្តិភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា»។
គួរបញ្ជាក់ថា ជុំវិញការដាក់បម្រាមលើលោក Guaidó នេះដែរ ក្រុមមន្ត្រីអាមេរិកបានព្រមានថាជម្រើសដោះស្រាយបញ្ហាគ្រប់យ៉ាង គឺស្ថិតលើតុរួចជាស្រេច។ លោក Guaidó ត្រូវបានសហរដ្ឋអាមេរិក និងលោកខាងលិចគាំទ្រ រីឯលោក ម៉ាឌូរ៉ូ មានចិន និងរុស្ស៊ី ជាខ្នងបង្អែក៕