(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃអង្គារនេះ បានសម្ដែងការជំទាស់យ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ប្រឆាំងនឹងរដ្ឋាភិបាលប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយសង្កត់ធ្ងន់ថាការដាក់ទណ្ឌកម្មនេះមានតែបំផ្លាញការរស់នៅ របស់ប្រជាជនវេណេស៊ុយអេឡាប៉ុណ្ណោះ។ នេះបើតាមក្រសួងការបរទេសចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ក៏បានបញ្ជាក់ដែរថាទីក្រុងប៉េកាំង នៅតែទទួលស្គាល់លោកម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់តែមួយគត់របស់វេណេស៊ុយឡា។ លោក Shuang បានបន្ថែម ដូច្នេះថា៖ «ចិនជឿជាក់ថាទណ្ឌកម្មអាមេរិកមានតែបំផ្លាញការរស់នៅរបស់ប្រជាជនវេណេស៊ុយអេឡាតែប៉ុណ្ណោះ ហើយទីក្រុងវ៉ាស៊ីនតោននឹងត្រូវទទួលខុសត្រូវលើផលវិបាកទាំងឡាយដែលកើតចេញពីការដាក់ទណ្ឌកម្មនេះ»។
គួរជម្រាបថា សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានសម្រេចចិត្តដាក់ទណ្ឌកម្ម លើក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA ដើម្បីបង្ខំឱ្យលោក ម៉ាឌូរ៉ូ ប្រគល់អំណាចដោយសន្តិវិធីឱ្យមេបក្សប្រឆាំង។ ដោយឡែក បើតាមក្រសួងរតនាគារជាតិអាមេរិក ផ្អែកលើទណ្ឌកម្មចុងក្រោយនេះ រាល់ទ្រព្យសម្បត្តិ ឬភាគហ៊ុនរបស់ PDVSA ដែលស្ថិតនៅក្រោមយុត្ថាធិការអាមេរិកនឹងត្រូវ បង្កកទុក ហើយរាល់ប្រជាជនអាមេរិកទាំងអស់មិនអាចធ្វើពាណិជ្ជកម្ម ឬចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននេះបានឡើយ៕