(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អតីតប្រមុខទ័ព​អាកាសអ៊ីស្រាអែល លោក Amir Eshel បាន​និយាយថា អ្នកដែលអាចធ្វើ​ឲ្យអ៊ីរ៉ង់​ចេញពី​ស៊ីរីបាន​​ គឺ​មាន​តែ​រុស្ស៊ីមួយគត់ ហើយ​ការប្រើកម្លាំង​យោធាគ្មានថ្ងៃអាច​បង្ខំឲ្យ​អ៊ីរ៉ង់​​ ចេញពី​ទឹកដីស៊ីរី​បានឡើយ៕

 

២៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA បានប្រកាស​ឲ្យដឹងនាថ្ងៃចន្ទសប្តាហ៍​នេះថា យាន Parker Solar Probe របស់​ខ្លួនបានបញ្ចប់​ការធ្វើដំណើរមួយជុំដំបូង​ហើយ ជុំវិញព្រះអាទិត្យ​​កាលពីថ្ងៃទី១៩ ខែមករា៕

 

៣៖ ​សហរដ្ឋអាមេរិក​សម្រេចចិត្តដាក់​ទណ្ឌកម្ម លើក្រុមហ៊ុនប្រេងរដ្ឋមួយរបស់​វេណេស៊ុយអេឡា ដើម្បីបង្ខំឱ្យលោក​ប្រធានាធិបតី​ នីកូឡាស់ ម៉ាឌូរ៉ូ ប្រគល់អំណាចដោយសន្តិវិធីឱ្យមេបក្សប្រឆាំង៕

 

៤៖ វិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលជា​សមាជិកអង្គការ OPEC អាចជិះផល​ប៉ះពាល់ដល់តុល្យភាពទីផ្សារ ប្រេងសកល៕

 

៥៖ ប្រទេសស៊ីរី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១១ ក្នុងនោះ​រួមមាន​ទាំង​កិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​សេដ្ឋកិច្ចរយៈពេលវែង ក្នុងគោលបំណង​ពង្រឹងទំនាក់ទំនង​រវាងប្រទេសទាំងពីរ​ឱ្យកាន់តែរឹងមាំ ខណៈសហរដ្ឋអាមេរិក​កំពុងត្រៀម​ដកទ័ពចេញ៕

 

៦៖ ទីបំផុត​​ក្រុម​គ្រួសារជនរងគ្រោះ​ចំនួន ៧១នាក់ ដែលបាន​ស្លាប់ និងបាត់ខ្លួនរក​មិនទាន់ឃើញ ក្នុងករណី​បាក់ទំនប់វារីអគ្គិ​សនី​​កាលពី​ពាក់កណ្តាល​ឆ្នាំមុន​​នៅស្រុក សាណាំសេយ (Sanamxay) ដែលស្ថិតនៅចម្ងាយ​ប្រមាណ ៥៦០គីឡូម៉ែត្រ​ភាគឦសានរដ្ឋធានី​វៀងច័ន្ទ​​របស់ប្រទេសឡាវ​ បានទទួល​ថវិកាសងជំងឺចិត្តហើយ៕