(តែលអាវីវ)៖ អតីតប្រមុខទ័ពអាកាសអ៊ីស្រាអែល លោក Amir Eshel បាននិយាយថា អ្នកដែលអាចធ្វើឲ្យអ៊ីរ៉ង់ចេញពីស៊ីរីបាន គឺមានតែរុស្ស៊ីមួយគត់ ហើយការប្រើកម្លាំងយោធាគ្មានថ្ងៃអាចបង្ខំឲ្យអ៊ីរ៉ង់ ចេញពីទឹកដីស៊ីរីបានឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
យោធាអ៊ីស្រាអែលបានបង្កើនប្រតិបត្តិការជាខ្លាំង ក្នុងការវាយប្រហារលើអ្វីដែលខ្លួនអះអាងថា ជាមូលដ្ឋានអ៊ីរ៉ង់នៅប្រទេសស៊ីរី ក្នុងអំឡុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ តាមរយៈការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ដោយអ៊ីស្រាអែលបានចោទអ៊ីរ៉ង់ថា កំពុងតែសំងំចាស់ឫសគល់យ៉ាងជ្រៅនៅលើទឹកដីស៊ីរី និងកំពុងព្យាយាមបង្កើតវត្តមានយោធាជាអចិន្ត្រៃយ៍នៅទីនោះតែម្តង។
គួរជម្រាបថា ជុំវិញការចោទប្រកាន់នេះ ទីក្រុងតេហេរ៉ង់បានប្រកែកជាដដែលៗថា វត្តមានរបស់ខ្លួននៅក្នុងប្រទេសហែកហួរដោយសង្រ្គាមនេះ គឺស្ថិតក្រោមកំហិតត្រឹមការបញ្ជូនមន្រ្តីយោធា ផ្នែកប្រឹក្សាយោបល់ប៉ុណ្ណោះទៅស៊ីរី តាមសំណើររដ្ឋាភិបាលទីក្រុងដាម៉ាស់ ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ៕