(កូឡុំប៊ី)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) កំពុងបង្កឲ្យមានការងឿងឆ្ងល់ជាខ្លាំង នៅចំពោះមុខស្ថានការណ៍ដ៏ផុយស្រួយក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីលោកត្រូវគេប្រទះឃើញកាន់សៀវភៅពណ៌លឿងមួយក្បាលមានសរសេរពាក្យគួរឲ្យចាប់អារម្មណ៍មួយឃ្លាថា «កងទ័ព៥,០០០នាក់ទៅកូឡុំប៊ី» ក្នុងអំឡុងការធ្វើសន្និសីទសារព័ត៌មានមួយ អំពីទណ្ឌកម្មថ្មីប្រឆាំងវេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
រឿងហេតុនេះបានកើតចំពេលមានសេចក្តីថ្លែងការណ៍ អំពីការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាគ្រប់ជម្រើសទាំងអស់គឺស្ថិតនៅលើតុសម្រាប់ដោះស្រាយបញ្ហាដ៏តានតឹងបំផុត នៅប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីរដ្ឋបាលរបស់លោក បានប្រកាសទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្តីទីនៃប្រទេសអាមេរិកឡាទីនមួយនេះ។
ទាក់ទិននឹងស្ថានការណ៍ខាងលើ រដ្ឋមន្រ្តីការបរទេសកូឡុំប៊ី លោក ខាឡូស ហូលមែស (Carlos Holmes) បានលើកឡើងថា រដ្ឋាភិបាលរបស់លោកមិនបានដឹងថាហេតុអ្វីបានលោក Bolton ឈរកាន់សៀវភៅពណ៌លឿងដែលមានពាក្យ «កងទ័ព៥,០០០នាក់ទៅកូឡុំប៊ី» បែបនេះទេ។ ចំណែកឯសេតវិមានអាមេរិកវិញ ក៏មិនទាន់បានធ្វើការបកស្រាយបញ្ជាក់ច្បាស់ ជុំវិញរឿងហេតុដ៏រសើបនេះដែរ។
គួរជម្រាបថា ក្នុងសៀវភៅដែលលោក John Bolton កាន់ជាប់នឹងខ្លួនក៏មានពាក្យមួយឃ្លាទៀតផងដែរថា «អាហ្វហ្គានីស្ថាន- ស្វាគមន៍ចំពោះកិច្ចចរចា» ដែលសំដៅលើសេចក្តីព្រាងមូលដ្ឋាន ដែលសហរដ្ឋអាមេរិក និងក្រុមតាលីបង់ ទើបតែបានឯកភាពគ្នា ដើម្បីឆ្ពោះទៅរកផ្លូវកសាងសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕