(ប៉េកាំង)៖ បុរសជនជាតិចិនម្នាក់ដែលជាប់ទោស ពីបទបើករថយន្ដបំបុកមនុស្សស្លាប់រហូតដល់ទៅ ១៥នាក់នោះ ត្រូវបានកាត់ទោស ប្រហារជីវិតហើយនៅថ្ងៃអង្គារនេះ នៅក្នុងខេត្ត ហ៊ូណាន (Hunan) ភាគកណ្ដាលប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
យោងតាមសាលក្រមតុលាការកំពូលប្រជាជនចិន លោក យ៉ាង ហ្សានយុន (Yang Zanyun) មានចេតនាបើករថយន្ដ Land Rover SUV បំបុកហ្វូងមនុស្សជាច្រើននាក់នៅឯទីលានមួយស្ថិតក្នុង ហេងទុង (Hengdong) នៃទីក្រុង ហេងយ៉ាង (Hengyang) កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៨។ មិនតែប៉ុណ្ណោះ លោក Yang មិនបានបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយបែរជាប្រើប្រាស់ប៉ែល និងកូនកាំបិតវាយប្រហារសម្លាប់មនុស្ស ១៥នាក់ និង ៤៣នាក់ទៀតរងរបួស។
គួរបញ្ជាក់ថា លោក Yang Zanyun ត្រូវបានផ្តន្ទាទោសប្រហារជីវិត ហើយទោសនេះត្រូវបានអនុម័តដោយតុលាការកំពូល ប្រជាជនចិនកាលពីថ្ងៃទី១៨ ខែមករា។ បុរសរូបនេះជាប់ពីបទបំផ្លាញសន្តិសុខសាធារណៈ ដោយប្រើវិធីដ៏សាហាវ និងគ្រោះថ្នាក់ ដែលទោសនេះមិនសមនឹងឱ្យលោកបន្តរស់នៅទៀតឡើយ៕