(វៀងច័ន្ទ)៖ ទីបំផុតក្រុមគ្រួសារជនរងគ្រោះចំនួន ៧១នាក់ ដែលបានស្លាប់ និងបាត់ខ្លួនរកមិនទាន់ឃើញ ក្នុងករណីបាក់ទំនប់វារីអគ្គិសនីកាលពីពាក់កណ្តាលឆ្នាំមុននៅស្រុក សាណាំសេយ (Sanamxay) ដែលស្ថិតនៅចម្ងាយប្រមាណ ៥៦០គីឡូម៉ែត្រភាគឦសានរដ្ឋធានីវៀងច័ន្ទរបស់ប្រទេសឡាវ បានទទួលថវិកាសងជំងឺចិត្តហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
ជនរងគ្រោះទាំង ៧១នាក់នៃសោកនាដកម្មបាក់ទំនប់វារីអគ្គិសនីកាលពីខែកក្កដា ឆ្នាំ២០១៨ រួមមានមនុស្សបាត់ខ្លួន ២២នាក់ និង ៤៩នាក់ទៀតត្រូវអាជ្ញាធរបញ្ជាក់ថា បានបាត់បង់ជីវិត។ ក្រោយមានការចេញសេចក្តីប្រកាសពីការិយាល័យនាយករដ្ឋមន្រ្តីឡាវកាលពីសប្តាហ៍មុន គ្រួសាររបស់ជនរងគ្រោះម្នាក់ៗត្រូវទទួលបានថវិកាចំនួន ១០,០០០ដុល្លារ ខណៈទឹកប្រាក់ជាសំណងសរុបទាំងអស់គឺ ៧១០,០០០ដុល្លារ។
សេចក្តីប្រកាសខាងលើដែលចេញកាលពីថ្ងៃទី២៣ ខែមករា បានបង្គាប់ឲ្យអាជ្ញាធរថ្នាក់ខេត្តឡាវ រួមជាមួយក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុន Xe-Pian Xe-Namnoy Power Co., Ltd. ដែលជាម្ចាស់គម្រោងទំនប់វារីអគ្គិសនី ផ្តល់ថវិកាតបស្នងជំងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះដោយស្របទៅតាមច្បាប់ និងគោលការណ៍ធានារ៉ាប់រងនានាដែលពាក់ព័ន្ធ ហើយថវិកាទាំងនោះក៏ត្រូវបានប្រគល់ដល់ដៃគ្រួសារជនរងគ្រោះ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
គួរជម្រាបថា ការបាក់ទំនប់វារីអគ្គិសនី សេពាន សេណាំណយ (Xe-Pian Xe-Namnoy) បានបង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលបានបំផ្លិចបំផ្លាញភូមិឋានជាច្រើន និងបណ្តាលឲ្យមនុស្សជាង ៤,០០០នាក់បាត់បង់លំនៅឋានរបស់ពួកគេ។ ទន្ទឹមនឹងនេះរដ្ឋាភិបាល និងក្រុមហ៊ុនជាម្ចាស់គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី កំពុងសហការគ្នាជុំវិញកិច្ចស្ថាបនាសហគមន៍នៅទីតាំងថ្មីៗ ដើម្បីបម្រើដល់ប្រជាជនរាប់ពាន់នាក់ដែលបាត់បង់ផ្ទះសម្បែង និងជុំវិញកិច្ចប្រឹងប្រែងស្តារតំបន់រងការប៉ះពាល់ទាំងឡាយ ឲ្យបានប្រសើរឡើងវិញ៕