(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសឲ្យដឹងនាថ្ងៃចន្ទសប្តាហ៍នេះថា យាន Parker Solar Probe របស់ខ្លួនបានបញ្ចប់ការធ្វើដំណើរមួយជុំដំបូងហើយ ជុំវិញព្រះអាទិត្យកាលពីថ្ងៃទី១៩ ខែមករា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
បើតាមអង្គការ NASA នាពេលនេះយានអវកាស Parker Solar Probe បានចាប់ផ្តើមការគោចរជុំទីពីររបស់វាហើយ ដើម្បីឆ្ពោះទៅកៀកព្រះអាទិត្យបន្ថែមទៀតបន្តិចម្តងៗនៅថ្ងៃទី០៤ ខែមេសា។ ការទៅក្បែរព្រះអាទិត្យជាលើកទីពីរ ក្នុងពេលប៉ុន្មានខែខាងមុននេះត្រូវបានគេរំពឹងថា យាន Parker នឹងទៅដល់ចម្ងាយប្រហែលជា ២៤លានគីឡូម៉ែត្រពីផ្កាយរបស់យើង ដែលស្មើនឹងពាក់កណ្តាលនៃរយៈចម្ងាយកំណត់ត្រា ដែលបង្កើតឡើងដំបូងដោយយាន Helios 2 កាលពីឆ្នាំ១៩៧៦។
គួរជម្រាបថា ក្នុងរយៈពេល ០៧ឆ្នាំនៃការបំពេញបេសកកម្មរបស់វា យាន Parker Solar Probe នឹងធ្វើការគោចរជុំវិញព្រះអាទិត្យសរុបចំនួន ២៤លើក ដោយជុំចុងក្រោយយានអវកាសនេះ នឹងហោះនៅត្រឹមចម្ងាយតែ ០៦លានគីឡូម៉ែត្រប៉ុណ្ណោះពីផ្ទៃអណ្តាតភ្លើងរបស់ព្រះអាទិត្យ។
បេសកកម្មនេះនឹងជួយបង្កើនការយល់ដឹងរបស់មនុស្ស អំពីព្រះអាទិត្យ រួមមានដូចជាតើភាគល្អិត និងរូបធាតុរបស់វាសាយភាយក្នុងទីអវកាស ជាមួយល្បឿនយ៉ាងលឿនដោយរបៀបណា និងថាតើហេតុអ្វីបានជាបរិយាកាសរបស់ដុំបាល់ភ្លើងយក្សនេះមានកម្តៅក្តៅខ្លាំងជាងស្រទាប់ផ្ទៃ ដែលនៅខាងក្រោមទៅវិញជាដើម៕