(ប៉េកាំង)៖ ខ្សែភាពយន្ដភាគប្រវត្តិសាស្ត្រចិន ដ៏លី្បល្បាញមានចំណងជើងថា Yanxi Palace ត្រូវបានដកចេញពីការបញ្ចំាងនៅតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរិះគន់យ៉ាងខ្លាំងថា ខ្សែភាពយន្ដភាគនេះជះឥទ្ធិពលអវិជ្ជមានដល់សង្គម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
Yanxi Palace គឺជាខ្សែភាពភាគបុរាណចិន ដែលនិយាយពីការតស៊ូរបស់ស្ត្រីម្នាក់ រហូតដល់ក្លាយជាមហារាជនីនៃរាជវង្ស Qing និងត្រូវបានគ្រោងចាក់ផ្សាយនៅតាមបញ្ចក់ទូរទស្សន៍ Dragon TV កាលពីល្ងាចថ្ងៃចន្ទ។ ប៉ុន្តែវាស្រាប់តែត្រូវបានជំនួសដោយកម្មវិធីកម្សាន្តទៅវិញ។ កាសែត South China Morning Post បានឱ្យដឹងទៀតថា អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមបានអះអាងថា ស្ថានីយទូរទស្សន៍ Shandong TV ក៏បានជំនួសចាក់ផ្សាយរឿងផ្សេងមួយទៀតគឺ «Ode To Joy» ជំនួសរឿង «Yanxi Palace» ផងដែរ។
ជុំវិញការប្ដូរកម្មវិធីផ្សាយនេះ បានកើតមានឡើងក្រោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានធ្វើការរិះគន់ចំៗថា ខ្សែភាពយន្ដនេះហាក់ចង់លើកទឹកចិត្តឱ្យអ្នកទស្សនា រស់នៅក្នុងភាពឡូយឆាយដូចរាជវង្សចិនពីអតីតកាល ក៏ដូចជាលើកកម្ពស់ការសប្បាយ និងភាពទាន់សម័យខ្ពស់ហួសហេតុពេក ជាជាងការអប់រំមនុស្សឲ្យចេះសន្សំសម្ចៃ និងប្រឹងប្រែងធ្វើការដើម្បីការរីកចំរើនរៀងៗខ្លួន។
គួរបញ្ជាក់ថា Yanxi Palace បានបំបែកកំណត់ត្រាមានអ្នកទស្សនាច្រើនបំផុត កាលខែកក្កដា ឆ្នាំ២០១៨ ដោយអំឡុងពេលចាកផ្សាយខ្សែភាពយន្ដដែលមានសរុប ៧០ភាគនេះ ត្រូវបានផ្សាយចេញ ១៥ពាន់លានដង និងមានប្រជាប្រិយភាពជាងគេបំផុតនៅលើ Googled TV ក្នុងឆ្នាំ២០១៨។ លើសពីនេះទៅទៀត ខ្សែភាពយន្ដនេះត្រូវបានចាក់ផ្សាយនៅលើទីផ្សារចំនួន ៧០ នៅទូទំាង ពិភពលោកក្នុងនោះមាន សិង្ហបុរី ហុងកុង ម៉ាកាវ ម៉ាឡេស៊ី កូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន ថៃ និងវៀតណាមជាដើម៕