(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងទទួលជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហេ (Liu He) ជុំវិញបញ្ហាពាណិជ្ជកម្មនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈមន្រ្តីរដ្ឋាភិបាលចិនមួយក្រុមក៏នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនរយៈពេល ០២ថ្ងៃផងដែរ ដើម្បីពិភាក្សាជាមួយរដ្ឋបាលលោក ត្រាំ នៅថ្ងៃពុធនិងព្រហស្បតិ៍ជុំវិញទំនាក់ទំនងពាណិជ្ជកម្ម។ នេះបើតាមការដកស្រង់ការផ្សាយចេញសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
បើតាមអ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) ប្រតិភូតំណាងរដ្ឋាភិបាលអាមេរិក នឹងត្រូវដឹកនាំដោយអ្នកតំណាងពាណិជ្ជកម្ម (USTR) លោក រ៉ូប៊ឺត ឡៃធីសឺរ (Robert Lighthizer) ហើយរួមជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin), រដ្ឋមន្រ្តីសេដ្ឋកិច្ច លោក វីលប៊ឺ រ៉ូសស៍ (Wilbur Ross), ទីប្រឹក្សាគោលនយោបាយសេដ្ឋកិច្ចរបស់ លោក ត្រាំ គឺលោក គារី ឃូដឡូវ (Larry Kudlow) ព្រមទាំងទីប្រឹក្សាគោលនយោបាយពាណិជ្ជកម្ម និងផលិតកម្មរបស់លោក ត្រាំ គឺលោក ភីធើ ណាវ៉ារ៉ូ (Peter Navarro)។
គួរជម្រាបថា ជំនួបទាំងនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងគ្នាដែលសម្រេចបានដោយលោក ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅទីក្រុង ប៊ុយណូស អ៊ែរែស (Buenos Aires) ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចូលមកចរចាគ្នារយៈ ៩០ថ្ងៃ ក្រោមគោលដៅបញ្ចប់សង្រ្គាមពាណិជ្ជកម្មដ៏តានតឹង រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ៕