(តេហេរ៉ង់)៖ មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ លោក Hossein Salami នៅថ្ងៃចន្ទនេះ បានព្រមានជាថ្មីម្ដងទៀតថានឹងបំផ្លាញ អ៊ីស្រាអែល បើសិនជារដ្ឋជ្វីបមួយនេះហ៊ានវាយប្រហារលើអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។
ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក Hossein Salami បានលើកឡើងដូច្នេះថា៖«ថ្ងៃនេះ យើងសូមប្រកាសថាបើសិនជា អ៊ីស្រាអែលហ៊ានបង្កសង្រ្គាមជាមួយយើង នោះមានន័យថាថ្ងៃអវសានរបស់អ៊ីស្រាអែលបានឈានចូលមកដល់...ហើយយើងនឹងរំដោះដែនដីប៉ាឡេស្ទីនពីពួកគេ»។
គួរបញ្ជាក់ថា ការព្រមានបែបនេះរបស់លោក Salami ធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាង សន្ធាប់លើមូលដ្ឋានអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី កាលពីសប្ដាហ៍មុន។ ប៉ុន្តែនេះមិនមែនជាលើកទីមួយឡើយដែលទីក្រុងតេហេរ៉ង់គំរាម វាយប្រហារលើអ៊ីសា្រអែល៕