(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ស្ថានីយទូរទស្សន៍រដ្ឋចិនបញ្ចេញឃ្លីបវីដេអូ បង្ហាញពីការបាញ់ធ្វើតេស្តប្រព័ន្ធមីស៊ីលកម្ទេចនាវា DF-26 ដែលអាចបំពាក់ក្បាលគ្រាប់ប្រភេទនុយក្លេអ៊ែរ នៅចំពោះមុខបេសកកម្មសេរីភាពនាវាចរ ឥតឈប់ឈររបស់សហរដ្ឋអាមេរិកក្នុងតំបន់សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់៕
២៖ ចំនួនសាកសពមនុស្សដែលបានបាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយបាក់ទំនប់នៅទីតាំងរុករករ៉ែមួយកន្លែងក្នុងរដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) ភាគអាគ្នេយ៍ប្រទេសប្រេស៊ីលបានកើនដល់ ៥៨នាក់ ខណៈមនុស្ស ៣០៥នាក់ទៀតនៅតែបន្តបាត់ខ្លួន៕
៣៖ ទីបំផុតទីក្រុងហុងកុង នៃប្រទេសចិននៅតែឈរលេខរៀងទី ១ លើពិភពលោកក្នុងនាមជាទីក្រុងសេដ្ឋកិច្ចទីផ្សារសេរីបំផុតដដែល ក្នុងរយៈពេល២៥ឆ្នាំជាប់ៗគ្នា ខណៈប្រទេសសិង្ហបុរីវិញ គឺស្ថិតនៅលេខរៀងទី ២ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមួយចំនួនបានអះអាងថា ការកាត់សេចក្តីលើលំដាប់ថ្នាក់នេះ គឺបង្ហាញពីប្រព័ន្ធយុត្តិធម៌ធ្លាក់ចុះបន្តិចនៅក្នុងទីក្រុងស្វយ័ត្ររបស់ចិនមួយនេះ៕
៤៖ នៅទីបំផុតសត្វទាមួយក្បាលមានឈ្មោះថា Trevor ដែលត្រូវបានគេចាត់ទុកថា ជាសត្វទាឯកកោជាងគេបំផុតនៅលើពិភពលោកនោះ (ព្រោះមានតែឯង) បានងាប់បាត់ហើយបន្ទាប់ពីត្រូវបានសត្វឆ្កែខាំ នៅលើកោះដាច់ស្រយាលមួយក្នុងតំបន់ប៉ាស៊ីហ្វិក៕
៥៖ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនអាមេរិក០៦នាក់ ក្នុងចំណោម ១០នាក់ជឿជាក់ថា ប្រទេសរបស់ពួកគេកំពុងដើរលើផ្លូវខុស ខណៈ០៧នាក់ក្នុងចំណោម១០នាក់ មានគំនិតអវិជ្ជមានលើស្ថានភាពបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក៕
៦៖ រឹទ្ធសមាជិកបក្សសាធារណរដ្ឋ លោក លីនសេយ ក្រាហាំ (Lindsey Graham) បានអះអាងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយលោកអំពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា នៅប្រទេសវេណេស៊ុយអេឡាកាលពីប៉ុន្មានសប្តាហមុន៕