(ប៉េកាំង)៖ កន្លងមកយើងទាំងអស់គ្នាធ្លាប់តែបានទស្សនា ខ្សែភាពយន្តអវកាសល្បីៗរបស់អាមេរិកប៉ុណ្ណោះ ប៉ុន្តែនាពេលនេះចិនកំពុងត្រៀមខ្លួនដាក់បញ្ចាំងជាផ្លូវការនូវភាពយន្តអវកាសខ្នាតធំលើកដំបូងរបស់ខ្លួន ខណៈដែលមហាយក្សលេខ ១ នៅអាស៊ីមួយនេះ កំពុងតែមានការបោះពួយទៅមុខខ្លាំងក្នុងវិស័យរុករកនៅទីអវកាស មិនចាញ់លោកខាងលិចប៉ុន្មាននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ល្ងាចថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៦។
ខ្សែភាពយន្តខាងលើមានឈ្មោះថា «The Wondering Earth» បានយកលំនាំរឿងចេញពីសៀវភៅប្រលោមលោករបស់ម្ចាស់ពាន Hugo Award គឺលោក លីវ ស៊ីស៊ីន (Liu Cixin)។ សាច់រឿងក្នុងខ្សែភាពយន្តនេះ គឺដោយសារតែប្រឈមមុខជាមួយហានិភ័យនៃការផុតរលត់អាយុជីវិតរបស់ព្រះអាទិត្យ មនុស្សលោកយើងបានសាងសង់ម៉ាស៊ីនដ៏ធំមហាសាលមួយ ដើម្បីរុញច្រានផែនដីចេញពីប្រព័ន្ធផ្កាយនេះ ហើយឆ្ពោះទៅរកដំណើរផ្សងព្រេងរាប់សតវត្សរ៍ដើម្បីស្វែងរកព្រះអាទិត្យថ្មី ក្នុងលំហអវកាសដ៏ធំល្វឹងល្វើយ។
គួរជម្រាបថា ការចាក់បញ្ចាំងពិសេសមួយក៏ត្រូវបានធ្វើឡើងផងដែរ ក្នុងមជ្ឈមណ្ឌលអវកាសចិន ដែលស្ថិតនៅភាគខាងជើងទីក្រុងប៉េកាំង កាលពីយប់ថ្ងៃអាទិត្យ មុនពេលត្រូវដាក់បញ្ចាំងជាផ្លូវការ នៅតាមរោងភាពយន្តក្នុងប្រទេសចិនទាំងមូលនៅថ្ងៃទី០៥ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន។ ដូច្នេះជនជាតិចិន និងជនបរទេសដែលនៅក្នុងប្រទេសចិន ពិតជាមានសំណាងបានទស្សនាភាពយន្តនេះមុនគេ៕