(ម៉ូស្គូ)៖ ព្រឹទ្ធសមាជិកបក្សសាធារណរដ្ឋ លោក លីនសេយ ក្រាហាំ (Lindsey Graham) បានអះអាងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយលោកអំពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា នៅប្រទេសវេណេស៊ុយអេឡាកាលពីប៉ុន្មានសប្តាហមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។
ចំពោះមុខសារព័ត៌មានអាមេរិក Axios លោក Graham បង្ហើបពីសំនួរលោក ត្រាំ ដែលបានសួរលោកយ៉ាងដូច្នេះថា «តើលោកយល់យ៉ាងណា អំពីការប្រើប្រាស់កម្លាំងយោធា»? ខណៈនោះលោក Graham បានតបទៅលោក ត្រាំ វិញថា «លោកគឺជាប្រធានាធិបតី ដូច្នេះត្រូវធ្វើការបោះជំហានយឺតៗ ពីព្រោះវាអាចក្លាយជាបញ្ហាធំ»។
ព្រឹទ្ធសមាជិកអាមេរិករូបនេះបានបន្តថា បើតាមការគិតរបស់លោក គឺការជ្រើសរើសប្រើប្រាស់កម្លាំងទ័ព លុះត្រាផលប្រយោជន៍សន្តិសុខជាតិស្ថិតក្នុងហានិភ័យ។ ទន្ទឹមនឹងនេះសារព័ត៌មាន Axios ដោយផ្អែកតាមប្រភពព័ត៌មានពីក្រុមមន្រ្តីជាន់ខ្ពស់អាមេរិកបានបន្ថែមថា បច្ចុប្បន្នពុំមានសញ្ញាណាមួយបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនពិតជាបានរៀបចំគម្រោងធ្វើការឈ្លានពានប្រទេសវេណេស៊ុយអេឡា ដោយប្រើយោធានោះឡើយ ខណៈលោក ត្រាំ គ្រាន់តែចង់ពន្លឿនការប្តូររបបនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ដោយយោងលើហេតុផលសេដ្ឋកិច្ច និងការទូតប៉ុណ្ណោះ។
គួរជម្រាបថា កាលពីសប្តាហ៍មុនជម្លោះរវាងរដ្ឋាភិបាល និងបក្សប្រឆាំងនៅវេណេស៊ុយអេឡាកាន់តែតានតឹងឡើង នៅពេលមេបក្សប្រឆាំង លោក ជូអាន ហ្គៃដូ Juan Guaido បានប្រកាសខ្លួនលោកជាប្រធានាធិបតីស្តីទី ហើយទទួលបានការទទួលស្គាល់ពីអាមេរិក កាណដា និងប្រទេសជាច្រើនទៀត។ ទង្វើនេះបានរុញច្រានវេណេស៊ុយអេឡា ឲ្យធ្លាក់ផុងក្នុងវិបត្តិនយោបាយកាន់តែជ្រៅ ខណៈប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទទីក្រុងវ៉ាស៊ីនតោនពីការរៀបចំផែនការបំផ្ទុះការរដ្ឋប្រហារ នៅវេណេស៊ុយអេឡា៕