(ឡុងដ៍)៖ នៅទីបំផុតសត្វទាមួយក្បាលមានឈ្មោះថា Trevor ដែលត្រូវបានគេចាត់ទុកថា ជាសត្វទាឯកកោជាងគេបំផុតនៅលើពិភពលោកនោះ (ព្រោះមានតែឯង) បានងាប់បាត់ហើយបន្ទាប់ពីត្រូវបានសត្វឆ្កែខាំ នៅលើកោះដាច់ស្រយាលមួយក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។
សត្វទា Trevor គឺជាប្រភេទសត្វទាតែមួយគត់ ដែលរស់នៅលើដែនកោះ Niue ហើយវាបានធ្វើដំណើរមកកោះ ស្ថិតនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ កាលពីឆ្នាំ២០១៨។ ប៉ុន្តែគេមិនដឹងច្បាស់ថា វាមកដល់ទីនេះដោយរបៀបណាឡើយ។ Trevor រស់នៅដោយអាស្រ័យទឹកថ្លុកតាមដងផ្លូវ ជាទីដែលវាត្រូវបានប្រជាជនក្នុងតំបន់បីបាច់ថែរក្សា និងឱ្យចំណីជារឿយៗ។
គួរបញ្ជាក់ថា លើដែនកោះ Niue មិនមានទឹកទន្លេ បឹង ឬព្រែកនោះទេ។ ដូច្នេះហើយទើប Trevor ជ្រើសរើសរស់នៅតាមទឹកថ្លុកដែលមានទឹកសាប ប៉ុន្តែគួរឲ្យស្តាយសត្វដែលមហាកម្របំផុតក្នុងលោកនេះ ត្រូវបានឆ្កែក្នុងភូមិខាំងាប់បាត់ទៅហើយ៕