(វ៉ាស៊ីនតោន)៖ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនអាមេរិក០៦នាក់ ក្នុងចំណោម ១០នាក់ជឿជាក់ថា ប្រទេសរបស់ពួកគេកំពុងដើរលើផ្លូវខុស ខណៈ០៧នាក់ក្នុងចំណោម១០នាក់ មានគំនិតអវិជ្ជមានលើស្ថានភាពបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។
ការស្ទង់មតិចេញផ្សាយដោយសារព័ត៌មានអាមេរិក NBC News និង Wall Street Journal កាលពីថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) បានឱ្យដឹងទៀតថា ប្រជាជនអាមេរិក ៦៣ភាគរយ ដែលត្រូវបានគេសម្ភាសន៍បានឆ្លើយថា សហរដ្ឋអាមេរិកកំពុងដើរលើផ្លូវខុស ហើយ ២៨ភាគរយថាកំពុងដើរលើផ្លូវត្រូវ ដែលនេះគឺជាអត្រាទាបបំផុតមួយ គិតចាប់តាំងពីឆ្នាំ២០១៦មក។
បន្ថែមពីនេះនៅពេលត្រូវបានគេសួរថា តើបច្ចុប្បន្នសហរដ្ឋអាមេរិកស្ថិតនៅក្នុងស្ថានភាពបែបណា ប្រជាជនអាមេរិក ៦៨ភាគរយបានបង្ហាញពីគំនិតអវិជ្ជមាន ក្នុងនោះរួមមានទាំងប្រើពាក្យ «ដើរលើផ្លូវខុស គ្រោះមហន្តរាយ ពេលវេលាដ៏លំបាក និងគណក្សនីមួយៗកំពុងបំផ្លាញគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា ការស្ទង់មតិនេះត្រូវបានចេញផ្សាយ នៅមុនពេលសេតវិមានព្រមព្រៀងជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីបើករដ្ឋាភិបាលឡើងវិញ។ ការបិទរដ្ឋាភិបាលអាមេរិក បានបណ្ដាលឱ្យខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ ហើយមិនតែប៉ុណ្ណោះវាក៏ធ្វើឱ្យមានការបែកបាក់គ្នារវាងអ្នកនយោបាយអាមេរិកផងដែរ ស្របពេលលោក ដូណាល់ ត្រាំ ព្រមានថានឹងបិទរដ្ឋាភិបាលជាថ្មី បើកញ្ចប់ថវិកាសង់ជញ្ជំាងព្រំដែន ៥.៧ពាន់លានដុល្លារជាមួយម៉ិចស៊ីកូ មិនត្រួវបានសភាអនុម័តទេនោះ៕