(រីយ៉ូ)៖ ចំនួនសាកសពមនុស្សដែលបានបាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយបាក់ទំនប់នៅទីតាំងរុករករ៉ែមួយកន្លែងក្នុងរដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) ភាគអាគ្នេយ៍ប្រទេសប្រេស៊ីលបានកើនដល់ ៥៨នាក់ ខណៈមនុស្ស ៣០៥នាក់ទៀតនៅតែបន្តបាត់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។
ក្នុងចំណោមអ្នកស្លាប់ទាំង ៥៨នាក់ ១៩នាក់ត្រូវបានកំណត់អត្តសញ្ញាណហើយរួចរាល់ រីឯជនដែលបាត់ខ្លួនគឺរួមមានទាំងប្រជាជន ដែលរស់នៅក្នុងតំបន់រងការបំផ្លិចបំផ្លាញ និងបុគ្គលិកនៃក្រុមហ៊ុនរ៉ែ វ៉ាល់ (Vale) ខណៈលទ្ធភាពនៃការស្វែងរកឃើញអ្នកដែលអាចនៅរស់រានមានជីវិតកាន់តែស្តើងទៅៗ។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យប្រតិបត្តិការជួយសង្រ្គោះត្រូវបានផ្អាកជាច្រើនម៉ោង បន្ទាប់ពីមានការប្រអាសន្នថា ទំនប់មួយទៀតដែលជាទំនប់ទឹកដែរនោះអាចនឹងលេចធ្លាយ ឬក៏បាក់នៅទីតាំងរុករករ៉ែឈ្មោះថា ខ័ររ៉េហ្គោ ឌូ ហ្វៃចាវ (Corrego do Feijao) ដែលស្ថិតនៅក្បែរគ្នា៕