(ហុងកុង)៖ ទីបំផុតទីក្រុងហុងកុង នៃប្រទេសចិននៅតែឈរលេខរៀងទី ១ លើពិភពលោកក្នុងនាមជាទីក្រុងសេដ្ឋកិច្ចទីផ្សារសេរីបំផុតដដែល ក្នុងរយៈពេល២៥ឆ្នាំជាប់ៗគ្នា ខណៈប្រទេសសិង្ហបុរីវិញ គឺស្ថិតនៅលេខរៀងទី ២ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមួយចំនួនបានអះអាងថា ការកាត់សេចក្តីលើលំដាប់ថ្នាក់នេះ គឺបង្ហាញពីប្រព័ន្ធយុត្តិធម៌ធ្លាក់ចុះបន្តិចនៅក្នុងទីក្រុងស្វយ័ត្ររបស់ចិនមួយនេះ។ នេះបើតាមការចេញផ្សាយដោយកាសែត South China Morning Post នារសៀលថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។
បើតាមទិន្នន័យពី Heritage Foundation ដែលជាវិទ្យាស្ថានសិក្សាមួយមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីតោនសហដ្ឋអាមេរិក ក៏បានបញ្ជាក់បន្ថែមទៀតដែរថា ប្រទេសចិនគឺឈរនៅលេខរៀងទី ១០០ នៃតំបន់សេដ្ឋកិច្ចទីផ្សារសេរីលើលោក នៅក្នុងចំណោមបណ្តាប្រទេសទាំង ១៨០ នៅទូទាំងសកល ដែលវិទ្យាស្ថាននេះបានធ្វើការសិក្សា។ ដោយឡែកសិង្ហបុរី ទោះបីជាស្ថិតនៅលេខរៀងទី ២ ដដែលដូចឆ្នាំមុនៗមែន ប៉ុន្តែគម្លាតនៃពិន្ទុជាមួយទីក្រុងហុងកុងនោះ គឺកាន់តែខិតជិតគ្នាហើយ។
គួរបញ្ជាក់ថា ការដាក់ពិន្ទុខាងលើនេះ គឺវិទ្យាស្ថាន Heritage Foundation បានធ្វើឡើងដោយយោងលើកត្តាចម្បងៗចំនួន ១២ មានដូចជា ច្បាប់, អភិបាលកិច្ច, ការបើកទូលាយទីផ្សារ និងកំណែទម្រង់នានាជាដើម។ សម្រាប់ពិន្ទុដែលហុងកុងទទួលបាននោះ គឺចំនួន ៩០.២ លើ ១០០ពិន្ទុ ដែលជាកម្រិតដដែលបើធៀបហ្នឹងឆ្នាំ២០១៨ ប៉ុន្តែពិន្ទុដែលទីក្រុងនេះទទួលបានច្រើនជាងមុន គឺទៅសេរីភាពពាណិជ្ជកម្ម, សេរីភាពរូបិយវត្ថុ និងសុច្ចរិតភាពរបស់រដ្ឋាភិបាលផងដែរ ខណៈពិន្ទុដែលធ្លាក់ចុះបន្តិចមកវិញ គឺលើផ្នែកប្រព័ន្ធតុលាការ៕