(ប៉េកាំង)៖ សហរដ្ឋអាមេរិកគួរតែកុំលូកដៃចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសវេណស៊ុយអេឡា ដើម្បីបញ្ជៀសការបែកបាក់គ្នារវាងបណ្ដាប្រទេសនៅលើពិភពលោក ដូចដែលទីក្រុងវ៉ាស៊ីនតោនធ្លាប់បានបង្កឡើង នៅពេលចូលឈ្លានពានផ្ដួលរំលំរបបដឹកនាំ សាដាំ ហូសេន នៅអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣។ នេះបើតាមលោកសាស្ត្រាចារ្យ ជាំង ស៊ីស៊ឺ (Jiang Shixue) ដកស្រង់ចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។
លោក Jiang Shixue ជាសាស្ត្រាចារ្យមកពីវិទ្យាស្ថានសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យសៀងហៃបានបញ្ជាក់ទៀតថា ពិភពលោកបច្ចុប្បន្នកំពុងបែកបាក់គ្នាជាថ្មីដោយសារតែវិបត្តិនយោបាយ នៅវេណេស៊ុយអេឡាដែលមានប្រធានាធិបតីដល់ទៅ ២ មួយគាំទ្រដោយសហរដ្ឋអាមេរិក និងលោកខាងលិច រីឯមួយទៀតគាំទ្រដោយចិន និងរុស្ស៊ី ព្រមទាំងសម្ព័ន្ធមិត្តមួយចំនួនរបស់ពួកគេ។
អ្នកជំនាញរូបនេះបន្ថែមថា ការប្រកាសទទួលស្គាល់មេបក្សប្រឆាំង លោក ជូអាន ហ្គៃដូ (Juan Guaido) អាយុ ៣៥ឆ្នាំជាប្រធានាធិបតីស្ដីទី ដោយអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានធ្វើឱ្យគេនឹកឃើញដល់ការថ្លែងសារ នៃអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស ក្នុងពេលប្រកាសឈ្លានពានប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣។
លោក Pence បានថ្លែងកាលពីថ្ងៃទី២៣ ខែមករា យ៉ាងដូច្នេះថា «យើងនឹងនៅជាមួយអ្នក ហើយយើងនឹងគំាទ្រអ្នករហូតដល់ប្រជាធិបតេយ្យនៅវេណេស៊ុយអេឡា ត្រូវបានស្ដារឡើងវិញ»។ លើសពីនេះទៅទៀតសេតវិមាន ក៏បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកទទួលស្គាល់លោក Guaido ជាប្រធានាធិបតីវេណេស៊ុយអេឡា។
ប៉ុន្តែសម្រាប់លោក Jiang Shixue ការអំពាវនាវនេះគឺវាស្រដៀងគ្នាទៅនឹងការអំពាវនាវរបស់លោក ចច ដាប់ប៊ែល យូប៊ូស មុន នឹងសម្រេចចិត្តចូលឈ្លានពានអ៊ីរ៉ាក់។ លោក ប៊ូសកាលសម័យនោះបានលើកឡើងថា «គ្រប់ប្រជាជាតិ និងតំបន់ទាំងអស់គួរតែ ធ្វើសម្រេចចិត្តថា ត្រូវនៅជាមួយពួកគេ ឬក៏ឈរខាងពួកភេរវករ»។ សង្រ្គាមនៅអ៊ីរ៉ាក់ធ្លាប់បានបង្កការបែកបាក់គ្នាម្ដងរួចមកហើយ ដោយប្រទេសខ្លះគាំទ្រឱ្យអាមេរិកផ្ដួលរំលំរបបដឹកនាំ សាដំា ហូសេន និងប្រទេសខ្លះទៀតជំទាស់យ៉ាងខ្លាំង។
ដូច្នេះហើយ លោក Shixue យល់ថាដើម្បីបញ្ជៀសការបែកបាក់នេះ ទីក្រុងវ៉ាស៊ីនតោនគួរកុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា អនុឡោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិស្ដីពីបទដ្ឋានទំនាក់ទំនង និងគោលការណ៍ច្បាប់អន្តរជាតិ ក្នុងនោះមានដូចជាការមិន លូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ។
គួរបញ្ជាក់ថា បើតាមលោក Jiang Shixue បើទោះជាសហរដ្ឋអាមេរិក ធ្វើឬនឹងមិនធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល លោក ម៉ាឌូរ៉ូ ក៏ដោយ ប៉ុន្តែធាតុពិតជាក់ស្ដែង ប្រជាជននៅក្នុងតំបន់អាមេរិកឡាទីនប្រហែលជាមិនភ្លេចឡើយ ពីការឈ្លានពានដោយយោធារបស់អាមេរិក នៅសាធារណរដ្ឋដូមីនិក (ឆ្នាំ១៩៦៥) គ្រីណាដា (ឆ្នាំ១៩៨៣) និងប៉ាណាម៉ា (ឆ្នាំ១៩៨៩)៕