(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសទទួលស្គាល់ ប្រធានបក្សប្រឆាំងវេណេស៊ុយអេឡាលោក Juan Guaido ជាប្រធានាធិបតីស្តីទីរបស់ប្រទេសអាមេរិកឡាទីននេះ រហូតទាល់តែដល់ពេលមានការបោះឆ្នោតឡើងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ម៉ារ៉ៃស៍ ផេយណេ (Marise Payne) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសអូស្រ្តាលីទទួលស្គាល់ និងគាំទ្រប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) ដែលបានប្រកាសខ្លួនជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ដោយយោងទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេសវេណេស៊ុយអេឡា ហើយអូស្រ្តាលីអំពាវនាវឲ្យមានការធ្វើអន្តរកាលឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យឲ្យបានឆាប់ៗបំផុតតាមដែឡអាចទៅរួច នៅក្នុងប្រជាជាតិអាមេរិកខាងត្បូងមួយនេះ»។
គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍មុន លោក Guaido បានប្រកាសខ្លួនលោកជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ហើយទង្វើនេះក៏ត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក កាណាដា និងប្រទេសជាសម្ព័ន្ធមិត្តអាមេរិកមួយចំនួនទៀត ខណៈលោក នីកូឡា ម៉ាឌូរ៉ូ ដែលជាមេដឹកនាំជាប់ឆ្នោតដោយស្របច្បាប់ បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយអាមេរិក និងចោទទីក្រុងវ៉ាស៊ីនតោនថា កំពុងបំផុសឲ្យមានរដ្ឋប្រហារនៅក្នុងប្រទេសលោក៕