(វ៉ាស៊ីនតោន)៖ អតីតនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនយីហោកាហ្វដ៏ល្បីល្បាញនៅលើពិភពលោក Starbucks បានឲ្យដឹងថា លោកកំពុងពិចារណាចូលរួមប្រកួតប្រជែងដោយឯករាជ្យ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS នៅថ្ងៃអាទិត្យលោក ហូវ៉ាដ ហ្កាល់ស៍ (Howard Schultz) ដែលជាអតីត CEO របស់ Starbucks បាននិយាយថា រូបលោកនឹងដណ្តើមយកតំណែងប្រធានាធិបតីអាមេរិក ក្នុងនាមជាអ្នកនយោបាយឯករាជ្យបែបកណ្តាលនិយម។ លោក Schultz បានសង្កត់ធ្ងន់ថា ប្រជាជនអាមេរិកហាក់បានឆ្អែតឆ្អន់ហើយនឹងទង្វើនឹងគណបក្សនយោបាយទាំងពីររបស់អាមេរិក គឺបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ។
ពាណិជ្ជករអាមេរិករូបនេះបានបញ្ជាក់ដូច្នេះថា «ពួកយើងកំពុងរស់នៅក្នុងសម័យកាលដ៏ផុយស្រួយមួយ គឺមិនត្រឹមតែប្រធានាធិបតីពុំសាកសមនឹងតំណែងរបស់ខ្លួននោះទេ គណបក្សនយោបាយទាំងពីរថែមទាំងមិនធ្វើកិច្ចការដែលចាំបាច់សម្រាប់ប្រជាជនអាមេរិកថែមទៀត និងកំពុងតែធ្វើនយោបាយ ដោយការសងសឹកគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ»។
គួរជម្រាបថា ជុំវិញដំណឹងនេះគណបក្សប្រជាធិបតេយ្យអាមេរិកបានឆ្លើយតបថា លោក Schultz នឹងបន្ទាបឱកាសបក្សរបស់ខ្លួន ក្នុងការយកជ័យជម្នះលើលោក ដូណាល់ ត្រាំ ដែលមកពីបក្សសាធារណរដ្ឋនៅឆ្នាំក្រោយនេះ។ លោក Howard Schultz មានតួនាទីជា CEO របស់ Starbucks កាលពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០០០ និងបានបន្តតួនាទីនេះឡើងវិញនៅឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៧ ហើយលោក Schultz ក៏មានតំណែងជាប្រធានក្រុមហ៊ុនកាហ្វេដ៏ល្បីនេះរយៈពេលមួយឆ្នាំ គឺកាលពីឆ្នាំ២០១៧ ដល់២០១៨ផងដែរ៕