(បាងកក)៖ ប្រទេសថៃ នឹងក្លាយជាអ្នកទទួលផលយ៉ាងច្រើន ពីការកសាងទំនាក់ទំនងល្អរវាងប្រទេសចិន និងជប៉ុន ក្នុងការអភិវឌ្ឍរួមគ្នាដើម្បីដោះស្រាយវិបត្តិដែលបណ្តាលមកពីគោលនយោបាយពាណិជ្ជកម្មកាន់តែខ្លាំងក្លារបស់សហរដ្ឋអាមេរិក។ ប្រទេសចិន និងជប៉ុន បានស្ថិតនៅក្រោមសម្ពាធ ក្នុងការកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មដ៏លើសលប់របស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលបញ្ហានេះជំរុញឱ្យប្រទេសទាំងពីរ ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងជាថ្មីដើម្បីស្វែងរកភាពរីកចម្រើនរៀងៗខ្លួន។
«វេទិកាកិច្ចសហប្រតិបត្តិការទីផ្សារភាគីទីបី» ដែលត្រូវបានរៀបចំឡើង នៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រកន្លងទៅនេះជាសញ្ញានៃកិច្ចព្រមព្រៀងផ្សេងៗ ស្តីពីគំនិតផ្តួចផ្តើមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសដទៃផ្សេងទៀត។ យោងតាមទីភ្នាក់ងារព័ត៌មានក្យូដូ បានឱ្យដឹងថា ក្នុងចំណោមកិច្ចព្រមព្រៀងនានាដែលសម្រេចបាន កិច្ចព្រមព្រៀងរបស់ធនាគារជប៉ុន ដើម្បីសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍ចិន បានផ្តល់ប្រាក់កម្ចីរួមគ្នា ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងទីផ្សារនៃប្រទេសភាគីទីបី។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺកិច្ចព្រមព្រៀងជាច្រើនបានផ្តោតលើប្រទេសថៃ ក្នុងរួមទាំងគម្រោងលើកកម្ពស់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ នៅក្នុងខេត្ត ជនបុរី ពាក់ព័ន្ធនឹងវិស្វកម្ម JFE របស់ក្រុមហ៊ុន ជប៉ុន និងចិន។ សូមបញ្ជាក់ថា ខេត្ត ជុនបុរី រួមជាមួយខេត្ត ឆាយ៉ងសៅ និងរ៉ាយ៉ុង គឺជាតំបន់ដ៏សំខាន់មួយសម្រាប់គម្រោងច្រកសេដ្ឋកិច្ចភាគខាងកើតរបស់ថៃ ដែលចំណាយទឹកប្រាក់ចំនួន៤៥ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍឆ្នេរសមុទ្រខាងកើត។
គម្រោងនេះរួមមានបណ្តាញផ្លូវរថភ្លើងល្បឿនលឿន ដើម្បីតភ្ជាប់អាកាសយាន្តដ្ឋានសំខាន់ៗពីរគឺអាកាសយាន្តដ្ឋានដុនមឿង និងស៊ូវ៉ាណាបុម៊ី ក្នុងរាជធានីបាងកក ជាមួយអាកាសយាន្តដ្ឋានយូតាប៉ាវ ទីក្រុង ប៉ាតាយ៉ា ដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍតំបន់នេះ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគ។
ជាមួយគ្នានេះដែរ ប្រទេសថៃ ក៏បានអនុម័តច្បាប់ ដែលបង្ហាញពីឆន្ទៈក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត ដោយផ្តល់នូវការកាត់បន្ថយពន្ធ សម្រាប់វិនិយោគិនក្នុងច្រករបៀងសេដ្ឋកិច្ច និងអនុញ្ញាតឱ្យវិនិយោគិនទាំងនោះ ជួលដីក្នុងរយៈពេលរហូតដល់៩៩ឆ្នាំថែមទៀតផង។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងប៉េកាំង និងតូក្យូ ក្នុងការធ្វើវិនិយោគទុននៅក្នុងប្រទេសថៃ អាចឆ្លុះបញ្ចាំងពីភាពមិនសប្បាយចិត្តនៃប្រទេសទាំងពីរ ចំពោះនឹងភាពមិនច្បាស់លាស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រំា។
លោក បែន័ត ហាឌី ឆាត្រែន (Benoit Hardy-Chartrand) អ្នកវិភាគបញ្ហាតំបន់អាស៊ីប៉ាស៊ីហ្វីក ប្រចាំសកលវិទ្យាល័យ Tokyo បានឱ្យដឹងថា «ដោយសារកំណើន GDP របស់ចិន កំពុងធ្លាក់ចុះដោយសារសង្គ្រាមពាណិជ្ជកម្ម បូករួមនឹងការផ្គត់ផ្គង់ជប៉ុនដែលត្រូវបានរំខានដោយការពន្ធរបស់រដ្ឋាភិបាលអាមេរិក ទើបវាជាហេតុផលសម្រាប់រដ្ឋាភិបាលក្រុងតូក្យូ និងប៉េកាំងដើម្បីរកដំណោះស្រាយថ្មីឆ្លើយតបបញ្ហានេះ។
ដោយឡែកលោក យ៉ាស៊ូហ៊ីរ៉ូ ម៉ាសូដា (Yasuhiro Matsuda) សាស្ត្រាចារ្យនៃវិទ្យាស្ថានសិក្សាជាន់ខ្ពស់អំពីតំបន់អាស៊ី នៅសាកលវិទ្យាល័យតូក្យូ បាននិយាយថា កិច្ចសហប្រតិបត្តិការក្នុងប្រទេសទីបី អាចជួយប្រទេសទាំងពីរ បង្កើតទំនាក់ទំនងល្អប្រសើរ ព្រមទាំងជួយដល់ប្រទេស ជប៉ុន ក្នុងកាត់បន្ថយហានិភ័យ ដែលធ្វើឱ្យបងធំអាមេរិកខឹង ដោយសារការបង្កើនទំនាក់ទំនងជាមួយប្រទេសចិន។
លោក Matsuda បាននិយាយថា ប្រទេសចិនចង់រួមបញ្ចូលប្រទេសជប៉ុនជាដៃគូ នៃគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលកំពុងត្រូវបានរិះគន់ដោយបណ្តាប្រទេសលោកខាងលិចជាច្រើន។ ដោយឡែកប្រទេស ជប៉ុន ចង់រក្សាស្ថិរភាពទំនាក់ទំនងជាមួយប្រទេសចិន ដោយប្រើប្រាស់អានុភាពសេដ្ឋកិច្ច តែមិនចង់ឱ្យគេចោទខ្លួនថា កំពុងសហការជាមួយប្រទេសចិនដោយផ្ទាល់នោះទេ។ ហេតុនេះ កិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងប្រទេសទីបី គឺជាយុទ្ធសាស្ត្រនៃការធ្វើសម្បទានដ៏ប្រសើរមួយ។ ដោយប្រទេសថៃត្រូវបានគេស្គាល់ថាជាមិត្តទាំងប្រទេសចិន និងជប៉ុន។ ប្រទេសថៃ ជាប្រទេសសាកសមបំផុតដើម្បីលើកកម្ពស់គម្រោងរួមរវាងចិន - ជប៉ុន។
ប្រទេស ថៃឈរនៅចំកណ្តាលនៃការវិនិយោគរបស់ប្រទេស ជប៉ុននៅក្នុងតំបន់អាស៊ាន។ ការធ្វើវិនិយោគរបស់ប្រទេស ជប៉ុន ក្នុងប្រទេសនេះកាលពីឆ្នាំ២០១៨កន្លងទៅនេះ មានតម្លៃសរុប ៤ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តធំ ៗ ដូចជាក្រុមហ៊ុនតូ Toyota Nissan និង Honda បានសាងសង់រោងចក្រនៅទីនោះផងដែរ។
ប្រទេសចិនបានអញ្ជើញប្រទេសជប៉ុន ចូលរួមគម្រោងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ខណៈដែល លោក ស៊ីនហ្សូអាបេ កំពុងបំពេញទស្សនកិច្ចដ៏គួរឱ្យកត់សម្គាល់ក្នុងទីក្រុងប៉េកាំង យ៉ាងនេះក្តីប្រទេស ចិន និងជប៉ុន អាចនឹងមានការយល់ឃើញខុសគ្នា ហើយក្រុមអ្នកវិភាគបានអះអាងថា ការវិនិយោគនេះអាចផ្តល់ឱ្យជប៉ុននូវយុទ្ធសាស្ត្រថ្មីមួយដើម្បីទប់ទល់ឥទ្ធិពលរបស់ចិនក្នុងតំបន់។ «ការអភិវឌ្ឍរួមគ្នាជាមួយប្រទេស ចិន អាចវាយតម្លៃបានថា ប្រទេសជប៉ុន កំពុងជួយដោយប្រយោលទៅលើគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅប្រទេសថៃ» នេះជាការលើកឡើងរបស់លោក Kotaro Tamura ជាអ្នកស្រាវជ្រាវអាស៊ី នៃវិទ្យាស្ថាន Milken និងជាអតីតលេខាធិការសភាទទួលបន្ទុកគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធនៅប្រទេសជប៉ុន។
លោក លី ម្យ៉ុងវូ (Lee Myon-woo) អ្នកជំនាញកិច្ចការជប៉ុន និងជាអនុប្រធាននៃវិទ្យាស្ថាន Sejong នៅទីក្រុងសេអ៊ូល បាននិយាយថា «ប្រទេសជប៉ុនទំនងជាបានអនុម័តនូវយុទ្ធសាស្រ្តផ្សេងគ្នា ដើម្បីទប់ទល់ការពង្រីកឥទ្ធិពលជាឯកតោភាគីរបស់ឥទ្ធិពលរបស់ប្រទេសចិន ទៅលើប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដោយសហការគ្នាអនុវត្តគម្រោងរួមជាមួយរដ្ឋាភិបាល ទីក្រុងប៉េកាំង។
ប៉ុន្តែទោះបីជាជប៉ុនកំពុងចូលរួមសហការយ៉ាងសកម្មជាមួយប្រទេសចិន សម្រាប់ពេលបច្ចុប្បន្នក្តី ក៏គំនិតក្នុងការប្រណាំងប្រជែងពីធម្មជាតិរវាងប្រទេសទាំងពីរមិនអាចប្រែប្រួលបានឡើយ។ តែអ្វីដែលសំខាន់ភាគីទីបីគឺប្រទេស ថៃ នឹងទទួលបានផលចំណេញយ៉ាងក្រាសក្រែលពីការកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងពេលនេះ៕