(លីបង់)៖ ក្រុមយោធាហេសប៊ូលឡា (Hezbollah) មានមូលដ្ឋាននៅក្នុងប្រទេសលីបង់នឹងរួមដៃគ្នាជាមួយអ៊ីរ៉ង់ និងស៊ីរីដើម្បីវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីស្រាអែល បើសិនជាទីក្រុងតែល អាវីវ នៅតែបន្តបើកការវាយប្រហារតាមផ្លូវអាកាសនៅលើទឹកដីស៊ីរី។ នេះបើតាមការអគ្គលេខាធិការគណបក្សហេសប៊ូលឡា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។
អគ្គលេខាធិការគណបក្សហេសប៊ូលឡា លោក Hassan Nasrallah ធ្វើការព្រមានបែបនេះពេលផ្ដល់បទសម្ភាន៍ឱ្យសារព័ត៌មាន លីបង់ Al Mayadeen កាលពីយប់ថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់)។ លោក Nasrallah បានលើកឡើងនាឱកាសនោះដូច្នេះថា៖« យើងនឹងធ្វើការសម្រេចចិត្តចាត់វិធានការឆ្លើយតបជាច្រើន ប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល... ហើយយើងនឹងរួមដៃគ្នាជាមួយស៊ីរី និងអ៊ីរ៉ង់ រួមទាំងសម្ព័ន្ធរបស់យើងដទៃសងសឹកលើអ៊ីស្រាអែលវិញ បើសិនជាទីក្រុងតែល អាវីវ ហ៊ានបើកការ វាយប្រហារតាមផ្លូវអាកាសជាថ្មីលើទឹកដីស៊ីរី»។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅ យោធាអីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់លើមូលដ្ឋាន អ៊ីរ៉ង់នៅក្បែងអាកាសយានដ្ឋាន ទីក្រុងដាម៉ាស់ប្រទេសស៊ីរី ដោយផ្ដាច់ជីវិតយោធាស៊ីរី៤នាក់ និង៦នាក់រងរបួស៕