(វ៉ាស៊ីនតោន)៖ កំពូលមហាសេដ្ឋីលេខ១លើពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ត្រូវបានគេរាយការណ៍ថាបានផ្ដល់វិភាគទានតិចតួចបំផុតនៃទ្រព្យសម្បត្តិ១៦០ពាន់លានដុល្លារ (២០១៨) សម្រាប់កិច្ចការមនុស្សធម៌ បើធៀបទៅនឹងមហាសេដ្ឋីដទៃដូចជាលោក Bill Gates។ នេះបើតាម The Chronicle of Philanthropy ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។
យោងតាមទស្សនាវដ្ដី The Chronicle of Philanthropy មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន លោក Bezos និងអតីតភរិយា គឺលោកស្រី MacKenzie កាលពីពេលថ្មីៗនេះបានសន្យាផ្ដល់ប្រាក់២ពាន់លានដុល្លារ សម្រាប់គម្រោងមនុស្សធម៌ថ្មីមួយ។ ប៉ុន្តែ អ្នកទាំង២បានបរិច្ចាគប្រាក់ត្រឹមតែ១៤៥លានដុល្លារ ឬតិចជាង១ភាគរយទៅទៀតនៃទ្រព្យសម្បត្តិរបស់ខ្លួន។ ទស្សនាវដ្ដីនេះ ដដែលបានបញ្ជាក់ទៀតថា ស្ថាបនិកក្រុមហ៊ុន Amazon បានបរិច្ចាគប្រាក់ច្រើនជាងគេដល់មូលធិ Bezos Family Foundation ដែលត្រូវបានបង្កើតឡើងដោយឪពុកម្ដាយរបស់លោកក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីខែកញ្ញា ឆ្នាំ២០០០។
គួរបញ្ជាក់ថា បើតាមទស្សនាវដ្ដី The Chronicle of Philanthropy នៅចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ លោក Jeff Bezos បានបរិច្ចាកប្រាក់តិចជាង៦លានដុល្លារតែប៉ុណ្ណោះ ហើយនេះគឺជាចំនួនតិចតួចបំផុត បើធៀបទៅនឹងឪពុកម្ដាយរបស់លោក ដែលបានផ្ដល់ប្រាក់សម្រាប់កិច្ចការមនុស្សធម៌ដល់ទៅ ៣០,២៦៦,២៥០ ដុល្លារ កាលពីឆ្នាំ២០១៧៕