(ញ៉ូយ៉ក)៖ បណ្ដាប្រទេសមហាអំណាចអឺរ៉ុបបានព្រមានឱ្យប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ រៀបចំការបោះឆ្នោតឡើងវិញ បើពុំដូច្នោះទេ ពួកគេនឹងទទួលស្គាល់មេបក្សប្រឆាំងជាប្រធានាធិបតីស្របច្បាប់ ហើយលោកម៉ាឌូរ៉ូមាន រយៈពេល៨ថ្ងៃដើម្បីផ្ដល់ចម្លើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។
ការព្រមានរបស់មហាអំណាចអឺរ៉ុប ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍ (ម៉ោងនៅ នៅទីក្រុងញូយ៉ក) ស្ដីពីស្ថានភាពបច្ចុប្បន្ននៅវេណេស៊ុយអេឡា។ បារាំង អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ រួមទាំងប្រទេសអឺរ៉ុប ជាច្រើនទៀតបានស្នើឱ្យមានការរៀបចំការបោះឆ្នោតឡើងវិញនៅវេណេស៊ុយអេឡា នៅរយៈពេល៨ថ្ងៃខាងមុខ។ បន្ថែមពីលើ នេះ នៅក្នុងសេចក្ដីថ្លែងការណ៍រួម បណ្ដាប្រទេសទាំងនេះក៏បានបញ្ជាក់ដែរថាបើសិនជាមិនមានការបោះឆ្នោតប្រធានាធិបតីជាថ្មី ឡើងវិញទេ នោះពួកគេនឹងចាត់វិធានការឆ្លើយ ក្នុងនោះរួមមានទាំងការទទួលស្គាល់លោក Juan Guaidó ជាប្រធានាធិបតីស្រប ច្បាប់តែមួយគត់របស់វេណេស៊ុយអេឡា។
តែទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Jorge Arreaza បានប្រាប់អង្គជុំថាលោក ម៉ាឌូរ៉ូនៅតែជា ប្រធានាធិបតីស្របច្បាប់ ហើយប្រទេសរបស់លោកនឹងមិនរៀបចំការបោះឆ្នោតឡើងវិញដោយសារតែសម្ពាធនោះទេ។ មិនតែ ប៉ុណ្ណោះ លោកថែមទាំងបានផ្ដាំប្រធានាធិបតីបារាំង លោកម៉ាក្រុង វិញដែរថាគួរតែយកពេលទៅដោះស្រាយបញ្ហាជាមួយក្រុម បាតុករអាវកាក់ពណ៌លឿង ប្រសើរជាងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា។
គួរបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឡើងស្បថកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិទី២របស់លោក កាលពីដើម ខែមករា កន្លងទៅ បន្ទាប់ពីបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលមិនមានការចូលរួមពីគណបក្សប្រឆាំង កាលពីខែមីនា ឆ្នាំ២០១៨៕