(ម៉ានីល)៖ អាជ្ញាធរហ្វលីពីន នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងវិហារគ្រឹស្ដមួយកន្លែងស្ថិតនៅខាងត្បូងប្រទេសហ្វីលីពីន បានកើនដល់១៩នាក់ហើយ និង៤៨នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។
យោធាហ្វីលីពីន បានឱ្យដឹងថា គ្រាប់បែកបានផ្ទុះឡើង២លើក បន្ទាប់ពីពិធីជួបជុំគ្នាមួយនៅម៉ោងប្រមាណ៨៖០០ព្រឹក នៅឯ វិហារគ្រឹស្ត Jolo Cathedral ក្នុងទីក្រុង Jolo នៃខេត្ត Sulu។ ជនរងគ្រោះភាគច្រើនគឺជាអ្នកដែលតែងតែមកបន់ស្រន់នៅ វិហារគ្រឹស្ដមួយនេះ រីឯការស៊ើបអង្កេត និងការរឹតបន្តឹងសន្តិសុខក៏ត្រូវបានធ្វើឡើងផងដែរ។
គួរបញ្ជាក់ថា បើតាមយោធាហ្វីលីពីន មូលហេតុផ្ទុះគ្រាប់បែកខាងលើ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ខណៈចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថាអាចនឹងកើនឡើង៕