(ការ៉ាកាស់)៖ បេសកជនយោធាជាន់ខ្ពស់វេណេស៊ុយអេឡាប្រចាំសហរដ្ឋអាមេរិក លោក Jose Luis Silva បានប្រកាសផ្ដាច់ខ្លួន ចេញពីរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ជាមួយការទទួលស្គាល់មេបក្សប្រឆាំងលោក Juan Guaido ជាប្រធានាធិបតីស្ដីទីស្របច្បាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។
លោក Silva ធ្វើការកត់សម្គាល់បែបនេះនៅក្នុងវីដេអូមួយចេញផ្សាយកាលពីថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក)។ លោក Silva បានគូសបញ្ជាក់ដូច្នេះថា៖«នៅថ្ងៃនេះ ខ្ញុំសូមនិយាយទៅកាន់ប្រជាជនវេណេស៊ុយអេឡាទាំងអស់ ជាពិសេសគឺបងប្អូនរួមអាវុធ របស់ខ្ញុំឱ្យរួមគ្នាទទួលស្គាល់លោក Guaido ជាប្រធានាធិបតីស្របច្បាប់តែមួយគត់នៃប្រទេសរបស់យើង ហើយព្រមពេលជាមួយគ្នា ខ្ញុំក៏សូមប្រកាសផ្ដាច់ខ្លួនពីរដ្ឋាភិបាលនីកូឡាស់ ម៉ាឌូរ៉ូ ផងដែរ»។
ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក Vladimir Padrino បានច្រានចោលការទទួលស្គាល់លោក Guaido ជាប្រធានាធិបតី ហើយថាលោក ម៉ាឌូរ៉ូ នៅតែជាប្រធានាធិបតីស្របច្បាប់ព្រមទាំងប្ដេជ្ញាចិត្តការពារអំណាចរបស់លោកប្រឆាំងនឹង រាល់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
គូរជម្រាបថា វេណេស៊ុយអេឡា បានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក សម្រាប់ការទទួលស្គាល់មេបក្ស ប្រឆាំងជាប្រធានាធិបតីនៃប្រទេសអាមេរិកឡាទីនមួយនេះ ដែលកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៕