(កាណាដា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានសម្រេចចិត្តបណ្ដេញអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសចិន លោក John McCallum ចេញពីតំណែងហើយ ខណៈកំពុងមានជម្លោះការទូតជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។
ការសម្រេចចិត្តរបស់លោក Trudeau កើតមានឡើងបន្ទាប់ពីការមានការអត្ថាធិប្បាយដ៏ចម្រូងចម្រាស់របស់លោក McCallum ជុំវិញករណីធ្វើបត្យាប័ននាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែ ទន្ទឹមគ្នាលោកនាយករដ្ឋមន្ត្រីកាណាដា មិនបានប្រាប់ពីហេតុលផលលម្អិតឡើយ ដោយគ្រាន់តែបញ្ជាក់ថាលោកបានស្នើឱ្យលោក McCallum លាលែងពីតំណែងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន កាណាដា និងចិនកំពុងមានភាពតានតឹងផ្នែកការទូតនឹងគ្នា ដោយសារតែចាប់ខ្លួនលោកស្រី Meng Wanzhou ពីសំណាក់អាជ្ញាធរកាណាដា កាលពីដើមខែធ្នូ ឆ្នាំ២០១៨កន្លងទៅ។ ការចាប់ខ្លួននេះធ្វើឡើងតាមសំណើពីសហរដ្ឋអាមេរិក ដែលចោទលោកស្រីថាបានរំលោភបំពានលើទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ តែលោកស្រី និងក្រុមហ៊ុន Huawei បានទាត់ចោលការចោទប្រកាន់នេះ៕