(ឡុងដ៍)៖ រដ្ឋាភិបាលប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានព្យាយាមដកមាសតម្លៃ១.២ពាន់លានដុល្លារចេញពីធនាគារកណ្តាលរបស់ចក្រភពអង់គ្លេស ក៏ប៉ុន្តែត្រូវបានរដ្ឋាភិបាលទីក្រុងឡុងដ៍ធ្វើការបដិសេធ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅយប់ថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។
ការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការបដិសេធចំពោះសំណើយកមាសចេញពីធនាគារនៅលើទឹកដីរបស់ខ្លួន ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក រួមមានរដ្ឋមន្រ្តីការបរទេស លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និងទីប្រឹក្សាសន្តិសុខជាតិ លោក ចន បូលតុន (John Bolton) បានបញ្ចុះបញ្ចូលសមភាគីចក្រភពអង់គ្លេស ឲ្យជួយកាត់ផ្តាច់រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ពីទ្រព្យសម្បត្តិដែលមាននៅឯក្រៅប្រទេស។ មាសតម្លៃ១.២ពាន់លានដុល្លារនេះ គឺជាចំណែកធំមួយនៃរូបិយប័ណ្ណបរទេសបម្រុងទំហំប្រមាណ០៨ពាន់លានដុល្លារ ដែលគ្រប់គ្រងដោយធនាគារកណ្តាលរបស់វេណេស៊ុយអេឡា។
កាលពីថ្ងៃពុធកន្លងទៅនេះ ចក្រភពអង់គ្លេសបានដើរតាមសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត ក្នុងការទទួលស្គាល់ប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក ចូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្របច្បាប់នៃប្រទេសអាមេរិកឡាទីនមួយនេះ ខណៈលោក ម៉ាឌូរ៉ូ ដែលមានប្រទេសធំៗដូចជាចិននិងរុស្ស៊ីជាខ្នងបង្អែកផងដែរនោះ មានការគាំទ្រពីកម្លាំងយោធាវេណេស៊ុយអេឡា។
គួរជម្រាបថា នាពេលនេះ ក្រុមមន្រ្តីសហរដ្ឋអាមេរិក កំពុងព្យាយាមរឹបអូសទ្រព្យសម្បតិ្តនៅក្រៅប្រទេសរបស់រដ្ឋាភិបាលវេណេស៊ុយអេឡា ទៅឲ្យលោក Guaido ដើម្បីជួយបង្កើនឱកាសរបស់មេបក្សប្រឆាំងរូបនេះ ក្នុងការដណ្តើមគ្រប់គ្រងរដ្ឋាភិបាលវេណេស៊ុយអេឡាពីដៃលោក ម៉ាឌូរ៉ូ ដែលជាមេដឹកនាំជាប់ឆ្នោតដោយស្របច្បាប់៕