(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានចេញមុខអំពាវនាវឲ្យបណ្តាប្រទេសដែលជាដៃគូរបស់ចិនទាំងអស់ បញ្ចេញសកម្មភាពដើម្បីប្រឆាំងទៅនឹងចលនាដាក់សម្ពាធ ដ៏អយុត្តិធម៌ទៅលើវិស័យពាណិជ្ជកម្ម ដោយក្នុងនោះមានក្រុមហ៊ុន Huawei ដែលជាជនរងគ្រោះ បានក្លាយជាឧទាហរណ៍ស្រាប់។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។
លោក វ៉ាង យី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនាក្រសួងការបរទេសចិនយ៉ាងដូច្នេះថា «ការពិត និងការកហុកនៅក្នុងស្ថានភាពនេះ គឺវាច្បាស់លាស់ណាស់ទៅហើយ នៅពេលដែលគ្មានភស្តុតាងអ្វីសោះ បែរជារដ្ឋាភិបាលមួយប្រើកម្លាំងបាយដើម្បីរិះគន់ និងដាក់សម្ពាធទៅលើក្រុមហ៊ុនមួយចំនួន ដែលនេះគឺជាទង្វើដ៏អសីលធម៌ និងអយុត្តិធម៌បំផុត...។ ខ្ញុំជឿជាក់ថា ប្រទេសទាំងឡាយគួរតែប្រុងប្រយ័ត្នឲ្យបានខ្លាំង ចំពោះមុខភាពមិនសមហេតុផល និងការព្យាយាមយាយីនានា ហើយត្រូវធ្វើការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ទៅកាន់ពួកគេវិញ...»។
គួរបញ្ជាក់ថា ការអំពាវនាវរបស់ក្រសួងការបរទេសចិនខាងលើនេះ គឺធ្វើឡើងជាការឆ្លើយតបទៅនឹងសម្ពាធរបស់សហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តទៅលើវិស័យពាណិជ្ជកម្មរបស់ក្រុមហ៊ុនចិនមួយចំនួនជាពិសេសគឺ Huawei ដោយក្នុងនោះប្រទេសកាណាដា និងអង់គ្លេសជាដើម បានបញ្ចេញចំណាត់ការនានា តបតាមការចង់បានរបស់អាមេរិករួចទៅហើយ។ ក្រសួងការបរទេសចិនក៏បានសង្កត់ធ្ងន់ផងដែរថា ការបង្កើតហេតុផលក្លែងក្លាយ ដើម្បីធ្វើទុកបុកម្នេញលើសកម្មភាពពាណិជ្ជកម្មរបស់ក្រុមហ៊ុនចិននោះ គឺជាទង្វើដែលមិនទទួលយកបាននោះឡើយ៕