(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក The Wall Street Journal (WSJ) បានរាយការណ៍ថា មេដឹកនាំបក្សប្រឆាំង លោក ចូអាន ហ្គៃដូ (Juan Guaido) បានប្រកាសខ្លួនលោកជាប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡាហើយ បន្ទាប់ពីលោកបានទទួលការហៅទូរស័ព្ទពីសំណាក់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) ដែលបានសន្យាផ្តល់ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន យ៉ាងពេញទំហំដល់លោក Guaido។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។
កាសែត WSJ ដែលយោងលើប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់ម្នាក់ ក្នុងជួររដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា លោក Pence បានធ្វើការសន្យាថា សេតវិមាននឹងគាំទ្រលោក Guaido ប្រសិនបើមេបក្សប្រឆាំងរូបនេះ ព្រមដណ្តើមយកអំណាចដឹកនាំរដ្ឋាភិបាលពីប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ តាមរយៈការប្រើមាត្រានៅក្នុងរដ្ឋធម្មនុញ្ញវេណេស៊ុយអេឡា។
ប្រភពដដែលបានអះអាងថា ការហៅទូរស័ព្ទទាំងកណ្តាលយប់ជ្រៅរបស់លោក Pence កាលពីថ្ងៃអង្គារកន្លងទៅ គឺជាផ្នែកមួយនៃផែនការសម្ងាត់ដែលទីក្រុងវ៉ាស៊ីនតោនបានបង្កើតឡើងប៉ុន្មានសប្តាហ៍កន្លងមក ដើម្បីប៉ុនប៉ងទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីអំណាច និងទទួលស្គាល់លោក Guaido ជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា។
មន្រ្តីអាមេរិកមិនបានបញ្ចេញអត្តសញ្ញាណរូបនេះបានបន្តថា លោក ត្រាំ បានចាត់បញ្ចូលវេណេស៊ុយអេឡា ទៅក្នុងអាទិភាពគោលនយោបាយការបរទេសចម្បងទាំង ០៣របស់លោក ដែលរួមមាននូវអ៊ីរ៉ង់ និងកូរ៉េខាងជើង។ សម្រាប់គម្រោងទម្លាក់លោក ម៉ាឌូរ៉ូ របស់សេតវិមានអាមេរិក មួយចំណែកត្រូវបានជំរុញដោយមន្រ្តីសំខាន់ៗនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ព្រមទាំងក្រុមអ្នកប្រឆាំងនឹងលោក ម៉ាឌូរ៉ូ នៅក្នុងសភាអាមេរិក។
យោងតាមប្រភពខាងលើ កាលពីថ្ងៃទី១០ ខែមករា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានជជែកគ្នាជាមួយលោក Guaido និងបានសន្យាផ្តល់ការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីឆ្ពោះទៅរកអនាគតប្រកបដោយលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រទេសវេណេស៊ុយអេឡា។ ក្រោយមកទៀត ក្រសួងការបរទេសអាមេរិកក៏បានសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងវេណេស៊ុយអេឡាថា «វាដល់ពេលហើយដើម្បីចាប់ផ្តើមការធ្វើអន្តរកាលប្រកបដោយសណ្តាប់ធ្នាប់ ទៅរកការបង្កើតរដ្ឋាភិបាលថ្មី»។
គួរជម្រាបថា វិបត្តិនយោបាយនៅវេណេស៊ុយអេឡា បានវិវឌ្ឍន៍ទៅជាតានតឹងខ្លាំងក្នុងសប្តាហ៍នេះ បានបន្ទាប់ពីតុលាការកំពូលវេណេស៊ុយអេឡាដកហូតតំណែងប្រធានរដ្ឋសភាពីលោក Juan Guaido ហើយកាលពីថ្ងៃពុធកន្លងទៅ លោក Guaido បានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡា ក្រោមការគាំទ្រ និងទទួលស្គាល់ពីសហដ្ឋអាមេរិក កាណាដា និងសម្ព័ន្ធមិត្តអាមេរិកនៅអាមេរិកឡាទីន។ ជាការឆ្លើយតបទីក្រុងការ៉ាកាស់ បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន៕