(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានខាតបង់សេដ្ឋកិច្ចយ៉ាងហោចណាស់ទំហំ៦ពាន់លានដុល្លារ ដោយសារតែការបិទទ្វាររដ្ឋាភិបាល ដែលមានរយៈពេលយូរជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត។ នេះបើតាមការវាយតម្លៃរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ S&P Global Ratings ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។
តួលេខខាងលើនេះគឺខ្ពស់ជាងទឹកលុយ ៥.៧ពាន់លានដុល្លារ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដែលជាដើមចមនៃការបិទទ្វាររដ្ឋាភិបាលទៅទៀត។ ការប៉ាន់ស្មានចុងក្រោយបំផុតនេះរបស់ក្រុមហ៊ុន S&P Global Ratings ទៅលើទំហំខាតបង់នៃសេដ្ឋកិច្ចអាមេរិក គឺស្របទៅនឹងការព្យាករណ៍របស់ក្រុមហ៊ុនកាលពីសប្តាហ៍មុនដែរ។
គួរជម្រាបថា ក្រោយរយៈពេល ៣៥ថ្ងៃ ទីបំផុតការបិទទ្វារមួយផ្នែកនៃរដ្ឋាភិបាលអាមេរិកបានបញ្ចប់ទៅជាបណ្តោះអាសន្ន បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយនាថ្ងៃសុក្រសប្តាហ៍នេះ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលបើកទ្វារដំណើរការជាធម្មតាឡើងវិញ បន្ទាប់ពីវាបានឆ្លងផុតព្រឹទ្ធសភានិងសភាតំណាងរាស្រ្តអាមេរិក។ សេចក្តីព្រាងច្បាប់នេះ ផ្តល់ថវិកាទ្រទ្រង់រដ្ឋាភិបាលរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ដែលមានរយៈពេល ២១ថ្ងៃ ឬ ០៣សប្តាហ៍៕