(អាតែន)៖ នាថ្ងៃសុក្រសប្តាហ៍នេះសភានៃប្រទេសក្រិច បានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនៃការប្តូរឈ្មោះរបស់ប្រទេសម៉ាសេដូនី ដើម្បីជាការបញ្ចប់ជម្លោះរាប់ទសវត្សរ៍រវាងប្រទេសជាតិទាំងពីរ និងដើម្បីបើកផ្លូវឲ្យអតីតសាធាណរដ្ឋយូហ្គោស្លាវីនេះចូលជាសមាជិករបស់សហភាពអឺរ៉ុបនិងអង្គការ NATO បាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីក្រិច លោក Alexis Tsipras និងនាយករដ្ឋមន្រ្តីម៉ាសេដូន លោក Zoran Zaev បានសាទរសមិទ្ធផលនេះថាជាជោគជ័យក្នុងប្រវត្តិសាស្រ្ត។ កិច្ចព្រមព្រៀងប្តូរឈ្មោះប្រទេសម៉ាសេដូនី ត្រូវសម្រេចបានដោយលោក Tsipras និង លោក Zaev កាលពីពាក់កណ្តាលឆ្នាំ២០១៨ ហើយកន្លងទៅនេះសភាម៉ាសេដូនីបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងមុនរួចស្រេចហើយ។
គួរជម្រាបថា កិច្ចព្រមព្រៀងខាងលើមានគោលដៅបញ្ចប់ជម្លោះរយៈពេល២៨ឆ្នាំ រវាងទីក្រុងអាតែននិងទីក្រុង Skopje ជុំវិញការប្រើប្រាស់ពាក្យ «ម៉ាសេដូនី» តាមរយៈការប្តូរឈ្មោះប្រទេសម៉ាសេដូនីទៅជា «សាធារណរដ្ឋម៉ាសេដូនីខាងជើង» ដើម្បីកុំឲ្យជាន់គ្នាជាមួយឈ្មោះខេត្តភាគខាងជើងរបស់ក្រិច។ ដោយឡែក កិច្ចព្រមព្រៀងនេះក៏បានបង្កឲ្យប្រជាជនក្រិចជាច្រើននាក់ធ្វើបាតុកម្មយ៉ាងកក្រើកផងដែរ៕