(ញូយ៉ក)៖ ក្រុមអ្នកជំនាញ និងពាណិជ្ជករនៅសហរដ្ឋអាមេរិកបានលើកឡើងថា សេដ្ឋកិច្ចអាមេរិកនឹងមានកំណើនក្នុងល្បឿនយឺតជាងមុន ប៉ុន្តែទំនងជាមិនអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។
ក្នុងចំណោមនោះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចម្នាក់ គឺលោក អាល់ប៊ឺត ប្រ៊ែនណឺ (Albert Brenner) បាននិយាយថា កំណើនសេដ្ឋកិច្ចខ្ពស់នៅអាមេរិក កាលពីត្រីមាសទីពីរ និងទីបីក្នុងឆ្នាំ២០១៨ គ្រាន់តែជាភាពមានសន្ទុះមួយភ្លែតតែប៉ុណ្ណោះ ហើយវានឹងថមថយល្បឿនទៅវិញ ក៏ប៉ុន្តែការព្រួយបារម្ភនាពេលថ្មីៗនេះ អំពីការជួបវិបត្តិនៃសេដ្ឋកិច្ចអាមេរិកធ្ងន់ធ្ងរនោះ មើលទៅហាក់ដូចជាពន្លើសខ្លាំងពេក។
គួរជម្រាបថា យោងតាមលោក Brenner សេដ្ឋកិច្ចអាមេរិកនឹងកើន២.៦ភាគរយក្នុងឆ្នាំ២០១៩, ២.២ភាគរយនៅឆ្នាំ២០២០ និង ២.១ភាគរយនៅឆ្នាំ២០២១។ អ្នកជំនាញរូបនេះបានបញ្ជាក់ទៀតថា ខណៈដែលកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលកំពុងតែថមថយល្បឿនក៏ដោយក្តី លោកជឿជាក់ថា អត្រាកំណើនសេដ្ឋកិច្ចនឹងមិនមានការធ្លាក់ចុះខ្លាំងក្លានោះឡើយ៕