(ប៉េកាំង)៖ អ្នកវិទ្យាសាស្រ្តចិនបានប្រកាសកាលពីសប្តាហ៍មុនថា គ្រាប់ពូជមួយក្នុងចំណោមគ្រាប់ពូជកប្បាស ដែលយានអវកាសចិន Chang'e-4 បាននាំយកទៅដល់ផ្ទៃព្រះច័ន្ទកាលពីដើមខែនេះ គឺជារុក្ខជាតិដំបូងបំផុតដែលបានដុះចេញពន្លកនៅទីនោះ កំពុងតែបន្តទាក់ទាញចំណាប់អារម្មណ៍ផ្នែកវិទ្យាសាស្រ្តជាខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។
ធុងដែកមួយដែលយាន Chang'e-4 បានយកទៅជាមួយវាមានផ្ទុកនូវគ្រាប់ពូជកប្បាស ដំបូងបារាំង រុក្ខជាតិ Rapeseed និង Arabidopsis ព្រមទាំងពងសត្វរុយ និងមេផ្សិតដំបែមួយចំនួន ក្រោមគោលដៅបង្កើតចេញបរិស្ថានជីវៈចម្រុះសាមញ្ញតូចមួយ។ ទោះបីជារុក្ខជាតិកប្បាសខាងលើបានងាប់ទៅវិញភ្លាមៗក៏ដោយ ការដុំចេញជាពន្លកនេះ គឺជាការខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់មនុស្ស ក្នុងការដាំដុះរុក្ខជាតិនៅក្រៅភពផែនដី ដែលជាកត្តាដ៏សំខាន់សម្រាប់បេសកកម្មរុករកនាថ្ងៃអនាគត ទៅកាន់តំបន់ឆ្ងាយៗទៀតក្នុងទីអវកាស។
ការដាំដុះរុក្ខជាតិនៅក្នុងលំហអវកាស មិនត្រឹមជាមធ្យោបាយដែលអាចទៅរួចដើម្បីផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ការធ្វើដំណើររយៈពេលវែងក្នុងទីអវកាសឡើយ តែវាក៏ជាវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាព ក្នុងការរក្សាសុខភាពផ្លូវចិត្តរបស់អវកាសយានិក នៅក្នុងបរិស្ថានដែលបិទជិត និងឯកោផងដែរ។ ប៉ុន្តែការដាំដុះពួកវានៅក្នុងទីអវកាសមិនមែនជារឿងងាយៗនោះឡើយ។ ភាពសឹងតែគ្មានកម្លាំងទំនាញក្នុងលំហ ធ្វើឲ្យអ្នកវិទ្យាសាស្រ្តចាំបាច់ត្រូវតែធ្វើការគ្រប់គ្រងឲ្យតឹងរ៉ឹងលើបរិស្ថានដាំដុះរបស់រុក្ខជាតិ ដោយរួមមានទាំងកម្រិតសីតុណ្ហភាព កម្រិតសំណើម និងកម្រិតអាហាររូបត្ថម្ភ។
គួរជម្រាបថា កាលពីឆ្នាំ១៩៩៦ ក្រុមអវកាសយានិករុស្ស៊ីធ្លាប់បានព្យាយាមដាំស្រូវសាលី នៅលើស្ថានីយអវកាស Mir ខណៈនៅឆ្នាំ២០១៤ ការពិសោធន៍មួយនៃការដាំដុះបន្លែ ត្រូវបានធ្វើឡើងនៅលើស្ថានីយអវកាសអន្តរជាតិ ISS។ ប្រហែលជាមួយឆ្នាំក្រោយមកទៀត អវកាសយានិកនៅលើ ISS បានភ្លក្សរសជាតិសាឡាត់ ដែលលូតលាស់នៅក្នុងទីអវកាសជាលើកដំបូង។
រហូតដល់ខែមករា ឆ្នាំ២០១៦ ក្រុមអវកាសយានិកនៅលើស្ថានីយ ISS បានប្រកាសថា ពូជផ្កាម៉្យាងហៅថា Zinnia បានរីកនៅទីនោះ។ ក្នុងឆ្នាំ២០១៦ ដូចគ្នា ស្រូវ និងរុក្ខជាតិ Arabidopsis បានដុះលូតលាស់នៅលើមន្ទីរពិសោធន៍អវកាស Tiangong-2 របស់ចិន។ ដោយឡែកការដាំដុះរុក្ខជាតិទាំងអស់នេះ ត្រូវបានធ្វើឡើងក្នុងទីអវកាសពិតមែន ប៉ុន្តែនៅក្បែរគន្លងរបស់ផែនដី។
យ៉ាងណាមិញ ផ្លូវគឺនៅវែងឆ្ងាយខ្លាំងទៀត ដើម្បីដល់ពេលដែលអាចឲ្យមនុស្សយើងផលិតស្បៀងអាហារក្នុងទីអវកាស សម្រាប់ការរស់នៅរយៈពេលវែងបាន។ អ្វីដែលសំខាន់ជាងគេបំផុត គឺការធានាឲ្យបានទាំងស្រុងថា ដំណាំនានាដែលដាំដុះនៅក្នុងលំហអវកាសអាចបរិភោគបានដោយសុវត្ថិភាព ហើយបើពួកវាមានរសជាតិឆ្ងាញ់ថែមទៀតនោះ គឺកាន់តែល្អ៕