(ញូដេលី)៖ អាជ្ញាធរឥណ្ឌា​​បានចាប់ផ្តើម​ដឹកជញ្ជូនសត្វក្រពើ​ប្រមាណ ៣០០ក្បាល​ ចេញពីបឹងមួយកន្លែង​​ក្បែរ​រូបសំណាក​ខ្ពស់​​បំផុតនៅលើ​ពិភពលោក ដើម្បីបើកផ្លូវដល់​ការបម្រើសេវា​ធ្វើដំណើរតាមយន្តហោះ​ចុះលើទឹក​សម្រាប់​ភ្ញៀវទេសចរ ដែលមាន​បំណងចង់​ទៅទស្សនា​នៅទីនោះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន BBC នៅព្រឹក​ថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។

រូបសំណាក​របស់វីរៈបុរសដណ្តើម​ឯករាជ្យជាតិជូន​​ឥណ្ឌា លោក សាដា ផាធែឡ (Sardar Vallabhbhai Patel) ដែលមានកម្ពស់​​ដល់ទៅ ១៨២ម៉ែត្រ ត្រូវបានបើក​សម្ពោធជាផ្លូវការកាលពី​ខែតុលា ឆ្នាំ២០១៨ ហើយវាបានក្លាយជាកន្លែងទាក់ទាញ​ភ្ញៀវទេសចរ​​ ដ៏មាន​ប្រជា​ប្រិយ​​ភាពបំផុតមួយ​នៅក្នុងទីក្រុង អាមេដាបាដ (Ahmedabad) នៃរដ្ឋ ហ្គូហ្សារ៉ាត់ (Gujarat)។

សម្រាប់អ្វីដែលជាបញ្ហាកំពុងចោទនោះ គឺ​ពុំមានសេវា​រថភ្លើង​ទៅកាន់​ទីនោះឡើយ ខណៈ​អ្នក​ទេសចរ​ភាគ​ច្រើន​ទៅដល់​​រូបសំណាកដែល​​មាន​ឈ្មោះថា «Statue of Unity (រូបសំណាងនៃការរួបរួមជាតិ)» នេះ​តាម​រយៈ​រថយន្តក្រុង​ប៉ុណ្ណោះ ខណៈយន្តហោះ​ចុះចត​លើទឹក កំពុងត្រូវបាន​អាជ្ញាធរឥណ្ឌាគិតគូរ យកជាមធ្យោបាយ​ធ្វើដំណើរថ្មីមួយ​ទៀត។

គួរជម្រាបថា ដោយសារ​ហេតុផលខាងលើនេះ សត្វក្រពើ​រាប់រយក្បាល​​ដែលរស់នៅក្នុងបឹងក្បែរ​រូបសំណាក​ខាងលើ កំពុង​ត្រូវ​គេ​ដឹក​ជញ្ជូន​យ​ក​ចេញ​ទៅ​​កាន់​​​កន្លែង​​ផ្សេង​​​ ដើម្បីបើកផ្លូវសម្រាប់​​ការបង្កើត​សេវាធ្វើដំណើរ​​​តាមយន្តហោះខ្នាតតូច ដែលអាចចុះចត​នៅលើផ្ទៃទឹក។ ប៉ុន្តែ​ក្រុម​អ្នក​អភិរក្សសត្វក៏បានធ្វើ​ការរិះគន់ធ្ងន់ៗ​ចំពោះគម្រោង​​នេះផងដែរ៕