(សៀងហៃ)៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺជាំង (Li Keqiang) បាននិយាយថា ប្រទេសរបស់លោកមានជំនឿជឿជាក់យ៉ាងមុតមាំថា នឹងអាចរក្សាអត្រាកំណើនសេដ្ឋកិច្ច ឲ្យស្ថិតនៅក្នុងរង្វង់សមរម្យមួយក្នុងឆ្នាំ២០១៩ ទោះបីមានបញ្ហាប្រឈមច្រើនក៏ដោយក្តី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។
នៅក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកជំនាញបរទេស ដែលកំពុងធ្វើការងារនៅប្រទេសចិន នាថ្ងៃសុក្រសប្តាហ៍នេះ លោក Li បានលើកឡើងថា «សេដ្ឋកិច្ចចិនមានភាពរឹងមាំក៏ដូចជាសក្តានុពល និងចន្លោះគ្រប់គ្រាន់សម្រាប់ការរីកចម្រើនទៅមុខថែមទៀត ជាពិសេសជាមួយទីផ្សារក្នុងស្រុកធំជាងគេលើលោក ព្រមទាំងធនធានមនុស្សយ៉ាងសម្បូរហូរហៀរនៃប្រជាជនជិត ១.៤ពាន់លាននាក់»។
លោកនាយករដ្ឋមន្រ្តីចិនក៏បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ហេតុដូចនេះពួកយើងមានភាពជឿជាក់យ៉ាងពេញទំហឹង និងសមត្ថភាពពេញលេញក្នុងការរក្សាអត្រាកំណើនសេដ្ឋកិច្ចរបស់យើង នៅក្នុងរង្វង់ដែលសមរម្យមួយ ទោះបីជាមានហានិភ័យរួមទាំងបញ្ហាប្រឈមច្រើន កើតឡើងក្នុងឆ្នាំ២០១៩នេះក៏ដោយ»។
គួរជម្រាបថា មហាអំណាចសេដ្ឋកិច្ចលេខទីពីរលើលោកនេះ ទទួលបានកំណើនសេដ្ឋកិច្ច ៦.៦ភាគរយក្នុងឆ្នាំ២០១៨ ដែលជាសន្ទុះយឺតជាងការរំពឹងទុកមួយគិតចាប់តាំងពីឆ្នាំ១៩៩០មក នៅចំពោះមុខជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ទោះបីជាក្រុមសេដ្ឋវិទូអន្តរជាតិមួយចំនួនបានព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងអាចមានសន្ទុះថយចុះ ប្រសិនបើសម្ពាធទាំងនោះនៅតែបន្តក្តី ក៏ប្រទេសចិនហាក់ត្រៀមខ្លួនរួចរាល់ ដើម្បីទប់ទល់នឹងស្ថានការណ៍ក្នុងឆ្នាំ២០១៩នេះ៕