(រីយ៉ូ)៖ យ៉ាងហោចណាស់មនុស្ស០៧នាក់បានបាត់បង់ជីវិត និង១៥០នាក់ត្រូវបានអាជ្ញាធរប្រេស៊ីលអះអាងថា កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីកើតមានករណីបាក់ទំនប់ទឹករបស់ក្រុមហ៊ុនជីករ៉ែមួយនៅក្នុងរដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) នាយប់ថ្ងៃសុក្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។
អាជ្ញាធរប្រទេសប្រេស៊ីលបានបន្តទៀតថា មនុស្សប្រមាណ១០០នាក់ក៏ត្រូវបានជួយសង្រ្គោះផងដែរ។ បើតាមការបញ្ជាក់អះអាងពីក្រុមហ៊ុនជីករ៉ែ Vale ក្នុងចំណោមកម្មករសរុបចំនួន ៤២៧នាក់ ដែលមានវត្តមាននៅទីតាំងទំនប់ទឹកខាងលើប្រមាណ ១៥០នាក់នៅតែមិនទាន់រកឃើញថា នៅទីណាឲ្យប្រាកដនោះឡើយ។ មិនតែប៉ុណ្ណោះ ចំនួនអ្នកបាត់ខ្លួនសរុបអាចនឹងកើនឡើងខ្ពស់ជាងនេះថែមទៀត ព្រោះតែប្រជាជនក្នុងតំបន់ ប្រហែលអាចរងការប៉ះពាល់ដោយហេតុការណ៍នេះ។
គួរជម្រាបថា ទំនប់ទឹកខាងលើបានបាក់ស្រុតនៅតំបន់ ប្រ៊ូម៉ានឌីញ៉ូ (Brumadinho) ក្នុងរដ្ឋខាងលើ ហើយបណ្តាលឲ្យមានគ្រោះលំហូរល្បាប់ដីភក់៕