(វ៉ាស៊ីនតោន)៖ ទោះបីជាវាអាចត្រឹមសង្គ្រោះរដ្ឋាភិបាលសហព័ន្ធបានតែបីសប្តាហ៍ក្តី តែការព្រមចុះហត្ថលេខាលើកញ្ចប់ថវិកាបណ្តោះអាសន្ន ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) គឺជាបិទបញ្ចប់ការបិទទ្វាររដ្ឋាភិបាលអាមេរិក ដែលមានរយៈពេលយូរបំផុតប្រចាំប្រវត្តិសាស្ត្ររហូតដល់ ៣៥ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក CNBC នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។
កញ្ចប់ថវិកាខាងលើនេះ នឹងផ្គត់ផ្គង់រដ្ឋាភិបាលចាប់ពីពេលចុះហត្ថលេខារហូតដល់ថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ ដែលមានរយៈសរុប០៣សប្តាហ៍។ ទោះបីជាបែបនេះក្តី បញ្ហាសន្តិសុខព្រំដែន និងថវិកា ៥.៧ពាន់លានដុល្លារដើម្បីកសាងជញ្ជាំងព្រំដែន នៅតែជាប្រធានបទកំពូលដែលលោក ដូណាល់ ត្រាំ ត្រូវបន្តធ្វើការតតាំងជាមួយសភាទៅមុខទៀត ខណៈអតីតមហាសេដ្ឋីអាមេរិករូបនេះ ក៏បានព្រមានដាក់ប្រទេសក្នុងគ្រាអាសន្នផងដែរ។
គួរបញ្ជាក់ថា ការបិទរដ្ឋាភិបាលអាមេរិកដោយផ្នែកនេះ បានធ្វើឲ្យវិស័យជាច្រើនរងផលប៉ះពាល់ដោយសារតែគ្មានបុគ្គលិកបំពេញការងារ ហើយបុគ្គលិកខ្លះក៏នៅទ្រាំបម្រើការងារទាំងគ្មានប្រាក់ចំណូល ព្រោះតែកិច្ចការងារសំខាន់មិនអាចឈប់បាន។ ការបើកទ្វាររដ្ឋាភិបាលបណ្តោះអាសន្ននេះ គឺមានរយៈពេលតែ ២១ថ្ងៃប៉ុណ្ណោះ ដោយលោក ដូណាល់ ត្រាំ បានព្រមានរួចហើយថា បើសិនជានៅកំឡុងពេលនេះ នៅតែគ្មានដំណោះស្រាយអ្វីមួយសម្រេចចេញទៀតនោះ ការប្រកួតប្រជែងគ្នានឹងកើតមានឡើងជាថ្មីម្តងទៀត៕