(វ៉ាស៊ីនតោន)៖ អតីតមនុស្សជំនិតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាមួយលុយតម្កល់ ២៥០,០០០ដុល្លារ បន្ទាប់ពីរូបលោកត្រូវបានភ្នាក់ងារ FBI ចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍នេះ ជុំវិញសំណុំរឿងរុស្ស៊ីលូកដៃចូលកិច្ចការបោះឆ្នោតអាមេរិក កាលពីចុងឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New York Post នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។
បើតាមក្រសួងយុត្តិធម៌អាមេរិក លោក Stone កំពុងប្រឈមមុខជាមួយបទចោទប្រកាន់សរុបចំនួន ០៧ករណី ដែលរួមមានដូចជា ១ករណីទាក់ទងនឹងការបង្កភាពរាំងស្ទះដល់ការអនុវត្តន៍ច្បាប់ ០៥ករណីពាក់ព័ន្ធនឹងការផ្តល់សេចក្តីថ្លែងការណ៍មិនពិត និង ១ករណីទៀតទាក់ទិននឹងការរារាំងមិនឲ្យសាក្សីផ្តល់សក្ខីកម្ម។
គួរជម្រាបថា លោក Roger Stone បានចូលបង្ហាញខ្លួនជាដៃជាប់ខ្នោះ នៅប៉ុន្មានម៉ោងក្រោយការចាប់ខ្លូន នៅតុលាការសហព័ន្ធក្នុងទីក្រុង ហ្វត ឡូដឺដាល (Fort Lauderdale) នៃរដ្ឋផ្លូរីដា ខណៈសម្រាប់ការដោះលែងឲ្យនៅក្រៅឃុំនេះ ការធ្វើដំណើររបស់លោកក៏ត្រូវបានដាក់កំហិតផងដែរ។ លោក Stone ធ្លាប់កាន់តួនាទីនៅក្នុងក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ រហូតដល់ខែសីហា ឆ្នាំ២០១៥ នៅពេលលោកបានដកខ្លួនចេញយ៉ាងទាន់ហន់ដោយសាររឿងចម្រូងចម្រាសមួយ ប៉ុន្តែលោកបាននៅតែបន្តទីប្រឹក្សាក្រៅផ្លូវការរបស់លោក ត្រាំ ដដែល៕