(តេហេរ៉ង់)៖ យោងតាមការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ កងកម្លាំងយោធាអ៊ីរ៉ង់បានបើកការធ្វើសមយុទ្ធប្រចាំឆ្នាំនៃកងទ័ពថ្មើរជើងរបស់ខ្លួន ដែលមានការចូលរួមពីពលទាហានប្រមាណ១២,០០០នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញសារព័ត៌មាន ABC News នៅយប់ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
មេបញ្ជាការទ័ពថ្មើរជើងអ៊ីរ៉ង់ លោក Nozar Nemati បានឲ្យដឹងថា សមយុទ្ធយោធានេះមានរយៈពេល០២ថ្ងៃ ហើយនឹងប្រព្រឹត្តទៅនៅលើទីលានហាត់សមដែលមានទំហំ៥០០គីឡូម៉ែត្រក្រឡា ស្ថិតក្នុងខេត្ត Isfahan ភាគកណ្តាលប្រទេស។ លោក Nemati បានបញ្ជាក់ទៀតថា កងទ័ពថ្មើរជើងទាំងជាង១ម៉ឺននាក់នេះ នឹងធ្វើការហ្វឹកហ្វឺនអនុវត្តន៍យុទ្ធសាស្រ្តប្រយុទ្ធថ្មីៗ។
គួរជម្រាបថា ប្រទេសអ៊ីរ៉ង់ជាធម្មតាតែងប្រារព្ធការធ្វើសមយុទ្ធយោធាផ្សេងៗ ដើម្បីបង្ហាញពីសមត្ថភាពប្រុងជើងការនៃកម្លាំងទ័ពរបស់ខ្លួន ហើយបានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងឆ្លើយតបដោយមិនបន្ធូរដៃឡើយ ចំពោះសកម្មភាពវាយប្រហារណាមួយពីអ៊ីស្រាអែលឬក៏សហរដ្ឋអាមេរិក ដែលបានចាត់ទុកអ៊ីរ៉ង់ថាជា មេបង្ករឿងនៅមជ្ឈិមបូព៌ា៕