(ហ្សាការតា)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថា គ្រោះទឹកជំនន់ បំណាក់ដី និងខ្យល់កួចនៅតាមតំបន់ភាគកណ្តាលនៃផ្ទៃប្រទេសបានសម្លាប់ជីវិតមនុស្ស៥៩នាក់ ខណៈដែលប្រតិបត្តិរុករកនិងជម្លៀសខ្លួនមនុស្សនៅតែបន្តប្រព្រឹត្តទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។
មនុស្សសរុបចំនួន២៥នាក់បានបាត់ខ្លួន និងប្រមាណជា៤៧នាក់បានរងរបួស បន្ទាប់ពីការធ្លាក់ភ្លៀងជោគជាំបានបង្កឲ្យទំនប់ទឹកមួយកន្លែងជន់លិចស្រុកចំនួន១៣ នៃខេត្តស៊ូឡាវេស៊ីខាងត្បូងកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ជាមួយគ្នានេះគ្រោះបំណាក់ដីនិងខ្យល់កួច ក៏បានបង្ខំឲ្យមនុស្ស៣,៤៨១នាក់ជម្លៀសខ្លួនចេញពីលំនៅឋាន ដើម្បីជ្រកកោននៅទីសុវត្ថិភាពផងដែរ បន្ទាប់ពីផ្ទះសម្បែង៧៩ខ្នង ស្ពាន១០ខ្សែ សាលារៀន២២ខ្នង និងអគាររដ្ឋាភិបាលចំនួន០៦ ត្រូវបានបំផ្លិចបំផ្លាញ។
គួរជម្រាបថា តំបន់ដែលរងការវាយលុកពីគ្រោះធម្មជាតិធ្ងន់ធ្ងរជាងគេ គឺស្រុក Gowa ដែលគេរកឃើញសាកសពមនុស្សស្លាប់ដល់ទៅ៤៤នាក់នៅទីនោះ៕