(វ៉ាស៊ីនតោន)៖ លោក Roger Stone ដែលជាអតីតមនុស្សជំនិតនិងជាទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានភ្នាក់ងារ FBI ចាប់ខ្លួននៅក្នុងគេហដ្ឋានរបស់លោកនៅក្នុងរដ្ឋផ្លូរីដានាថ្ងៃសុក្រនេះ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសអាមេរិកទៅលើរឿងអាស្រូវដែលថា អាចមានការឃុបឃិតគ្នារវាងក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំនិងរដ្ឋាភិបាលរុស្ស៊ី នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Bloomberg នៅយប់ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
បើតាមក្រសួងយុត្តិធម៌អាមេរិកនាពេលនេះ លោក Stone កំពុងប្រឈមមុខជាមួយបទចោទប្រកាន់សរុបចំនួន៧ករណី ដែលរួមមានដូចជា ១ករណីទាក់ទងនឹងការបង្កភាពរាំងស្ទះដល់ការអនុវត្តន៍ច្បាប់ ៥ករណីពាក់ព័ន្ធនឹងការផ្តល់សេចក្តីថ្លែងការណ៍មិនពិត និង ១ករណីទៀតទាក់ទិននឹងការរារាំងមិនឲ្យសាក្សីផ្តល់សក្ខីកម្ម។
គួរជម្រាបថា លោក Roger Stone នឹងចូលបង្ហាញខ្លួនជាជំហានដំបូង ក្នុងពេលប៉ុន្មានម៉ោងខាងមុខ នៅឯតុលាការសហព័ន្ធក្នុងទីក្រុង Fort Lauderdale នៃរដ្ឋផ្លូរីដា។ លោក Stone ធ្លាប់កាន់តួនាទីនៅក្នុងក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ រហូតដល់ខែសីហា ឆ្នាំ២០១៥ នៅពេលលោកបានដកខ្លួនចេញយ៉ាងទាន់ហន់ ប៉ុន្តែលោកបាននៅតែបន្តទីប្រឹក្សាក្រៅផ្លូវការរបស់លោក ត្រាំ ដដែល៕