(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា មនុស្ស០៤នាក់បានស្លាប់ និងម្នាក់រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅឯរដ្ឋ ហ្សកហ្ស៊ី (Georgia)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
យោងតាមមន្ត្រីប៉ូលិសអាមេរិក ហេតុការណ៍បាញ់ប្រហារខាងលើបានកើតឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងទីក្រុង រ៉ុកម៉ាត (Rockmart) ស្ថិតនៅចំងាយ ៧០គីឡូម៉ែត្រពីទីក្រុង អាត្លេនតា (Atlanta)។ ប៉ុន្តែភ្លាមៗអត្តសញ្ញាណ និងដើមហេតុនៃករណីបាញ់ប្រហារនេះមិនទាន់ ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។
គួរបញ្ជាក់ថា បើតាមព័ត៌មានមួយចំនួនហេតុការណ៍បាញ់ប្រហារនេះអាចមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ហើយកាលពីដំបូងឡើយប៉ូលិសអាមេរិកបានអះអាងថា មនុស្សតែ០២នាក់ប៉ុណ្ណោះរងរបួស តែក្រោយមកទើបមានការបញ្ជាក់ជាថ្មីថា មនុស្សរហូតដល់០៤នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស៕