(ម៉ូស្គូ)៖ មេដឹកនាំបក្សប្រឆាំងលោក ចូអាន ហ្គៃដូ (Juan Guaido) ដែលទើបប្រកាសតែងតាំងខ្លួនជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី ដែលមានអាមេរិកគាំទ្រនោះបានអះអាងថា លោកនឹងលើកលែងទោសឱ្យក្រុមមន្ត្រីរដ្ឋាភិបាល និងមន្រ្តីយោធាជាន់ខ្ពស់ រួមទាំងប្រធានាធិបតីបច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ ផងដែរបើសិនជាអ្នកទាំងអស់នេះ ព្រមមកចូលរួមស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
យោងតាមលោក Guaido គំនិតផ្ដួចផ្ដើមលើកលែងទោសនេះ នឹងជួយសម្រួលដល់ការស្ដារលិទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយ កំពុងត្រូវបានពិចារណាដោយសភាជាតិវេណេស៊ុយអេឡា។ លោក Guaido បានលើកឡើងយ៉ាងដូច្នេះថា «ការវិវត្តន៍មួយចំនួននឹង កើតមានឡើងក្នុងរដ្ឋាភិបាលអន្តរកាល... ហើយសេចក្ដីព្រាងច្បាប់លើកលែងទោស កំពុងស្ថិតនៅក្រោមការពិចារណា»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសភាជាតិគ្រប់គ្រងដោយ គណបក្សប្រឆាំងវេណេស៊ុយអេឡា បានចេញសេចក្ដីថ្លែងការណ៍មួយដោយចាត់ទុកថា លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីខុសច្បាប់ ខណៈលោក Guaido ប្រកាសតែងតាំងខ្លួនជាប្រធានាធិបតីស្ដីទីតែម្តង។ ទន្ទឹមគ្នានោះដែរ សហរដ្ឋអាមេរិក អាហ្សង់ទីន ឈីលី ប្រេស៊ីល កាណាដា កូឡុំប៊ី និងបណ្ដាប្រទេសមួយចំនួនទៀត ដែលជាសម្ព័ន្ធមិត្តអាមេរិក បានចេញមុខទទួលស្គាល់មេបក្សប្រឆាំងរូបនេះស្របពេលរុស្ស៊ី ម៉ិចស៊ីកូ ស៊ីរី ចិន និងគុយបា គំាទ្រលោកប្រធានាធិបតី ម៉ាឌូរ៉ូ ដែលទើបស្បថឡើងកាន់តំណែង៕