(វ៉ាស៊ីនតោន)៖ អ្នកវិភាគម្នាក់បានលើកឡើងថា ការបង្កើតមូលដ្ឋានយោធាថ្មីនៅលើកោះអូគីណាវ៉ាប្រទេសជប៉ុន នឹងជះផលអវិជ្ជមានដល់កិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងព្យាយាមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន និងលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
លោក រ៉ូប៊ឺត កាជីវ៉ារ៉ា (Robert Kajiwara) ដែលជាសកម្មជនការពារសិទ្ធិមនុស្សមួយរូបផងដែរនោះ ធ្លាប់បានសរសេរលិខិតចំហមួយដើម្បីស្នើឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បញ្ឈប់ដំណើរការសាងសង់បន្ទាយកងទ័ពថ្មីនៅសង្កាត់ ហេណូកុ (Henoko) នៃក្រុង ណាហ្គោ (Nago) លើកោះអូគីណាវ៉ា។ លោក Kajiwara បាននិយាយថា វត្តមានមូលដ្ឋានយោធាអាមេរិកថ្មីនៅជប៉ុន នឹងអាចបំផ្លាញយុទ្ធសាស្រ្តផ្នែកការទូតរបស់ ត្រាំ ជាមួយចិន និងកូរ៉េខាងជើង ដោយសារវានឹងបង្កើនភាពតានតឹងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
អ្នកវិភាគរូបនេះបន្តបកស្រាយយ៉ាងដូច្នេះថា «គ្មានប្រទេសណាចង់ឲ្យមូលដ្ឋានយោធារបស់ប្រទេសជាគូប្រជែង ស្ថិតនៅក្បែរព្រំដែនរបស់ពួកគេឡើយ។ ម៉្យាងវិញទៀត មូលដ្ឋានទ័ពទាំងនេះគ្មានជួយអ្វីបានក្រៅតែពីជំរុញឲ្យចិន និងកូរ៉េខាងជើងចាយលុយកាន់ច្រើនរាប់ពាន់លានដុល្លារ ទៅលើការពង្រឹងវិស័យយោធាការពារជាតិប៉ុណ្ណោះ។ ក្រៅពីនេះប្រសិនបើមានជម្លោះផ្ទុះឡើង បន្ទាយយោធាអាមេរិកនៅជប៉ុន អាចត្រូវចិន ឬកូរ៉េខាងជើងវាយកម្ទេចបានយ៉ាងងាយ ក្នុងពេលត្រឹមតែប៉ុន្មាននាទី»។
គួរជម្រាបថា កោះភាគខាងត្បូងជប៉ុន «អូគីណាវ៉ា» ដែលស្មើនឹង ០.៦ភាគរយនៃដែនដីជប៉ុនទាំងមូល ជាជម្រករបស់បន្ទាយយោធាអាមេរិកជាង ៣០ទីតាំង ជាមួយវត្តមានទ័ពប្រមាណ ២៥,០០០នាក់។ បើតាមរដ្ឋាភិបាលជប៉ុន វត្តមានយោធាអាមេរិកគឺជារឿងចាំបាច់ ដើម្បីធានាការពារសន្តិសុខរបស់ប្រទេសអាស៊ីខាងកើតនេះ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានចលនាធ្វើបាតុកម្មធំៗ កំពុងបន្តកើតឡើងនៅលើកោះអូគីណាវ៉ាផងដែរ ដែលប្រឆាំងនឹងវត្តមានរបស់យោធាអាមេរិកនៅទីនោះ៕