(អង់ការ៉ា)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់សហរដ្ឋអាមេរិកត្រង់ៗថា កំពុងគាំទ្រឱ្យ មានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោក។ ប៉ុន្តែការចោទប្រកាន់បែបនេះ មិនទើបតែកើតឡើងនោះទេ ពោលគឺវាបានកើតមានតាំងតែពីសម័យអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក ហ៊ូហ្គោ ឆាវែស (Hugo Chavez) កាលពីឆ្នាំ២០០២ ហើយអាមេរិកផ្ទាល់ ក៏ធ្លាប់មានប្រវត្តិគាំទ្ររដ្ឋប្រហារ នៅតាមបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោកទាំងនៅតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអឺរ៉ុបផងដែរ។
កាលពី២០០២ ទីក្រុងវ៉ាស៊ីនតោនត្រូវបានគេចោទប្រកាន់ថា ចូលរួមក្នុងការព្យាយាមធ្វើរដ្ឋប្រហារទម្លាក់អតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Hugo Chavez (ស្លាប់) កាលពីឆ្នាំ២០០២។ លើសពីនេះទៀត អតីតប្រធានាធិបតីអាមេរិកលោក ជីមមី ខាធើ (Jimmy Carter) ក៏ធ្លាប់បាននិយាយដែរអំពីលទ្ធភាពគាំទ្ររដ្ឋប្រហារនេះដឹកនាំដោយ CIA ក្រោមអតីតរដ្ឋបាលលោកប្រធានាធិបតី ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush)។
* ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនៅហៃទី (អាមេរិកកណ្តាល)
សហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញវត្ថុដល់រដ្ឋាភិបាលដែលខ្លួន បង្កើតឡើងពីឆ្នាំ១៩១៥ ដល់ឆ្នាំ១៩៣៤។ រដ្ឋាភិបាលនេះបានលុបចោលកម្មសិទ្ធិរបស់ជនបរទេស រហូតដល់បង្កជាជម្លោះនាំមានមនុស្សស្លាប់ជាច្រើននាក់ និងបំផ្លាញការអភិវឌ្ឍនៅក្នុងប្រទេសដែនកោះដ៏តូចមួយនេះ។
សាធារណរដ្ឋចេក ‘Banana Republics នៅក្នុងតំបន់អាមេរិកឡាទីន Latin America
នៅចុងស.វទី១៩ និងនៅដើមស.វទី២០ ក្រុមហ៊ុនលក់ផ្លែឈើ Fruit Company មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគ្រប់គ្រងលើពាណិជ្ជកម្មផ្លែចេក និងមានអំណាចនយោបាយនៅក្នុងប្រទេសហ្គាតេម៉ាឡា និងហុងដូរ៉ាស់។ ក្រុមហ៊ុនមួយនេះត្រូវបានគេចោទថា បាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្ររដ្ឋប្រហារយោធា នៅឯប្រទេសហ្គាតេម៉ាឡាក្នុងឆ្នាំ១៩៥៤ ក្រោមការបញ្ជាដោយផ្ទាល់ពី CIA អាមេរិក។
ប៉ុន្តែក្រោយមកទៀតអ្វីដែលសំខាន់ ដោយសារតែបណ្ដាប្រទេសទាំងនេះពឹងផ្អែកលើសហរដ្ឋអាមេរិក និងខ្វះសេរីភាពខាងនយោបាយ ព្រមទាំងសេដ្ឋកិច្ច ពួកគេបែរជាត្រូវគេហៅថា Banana Republics ដែលមានន័យក្នុងភាសានយោបាយថា ជាប្រទេសគ្មានស្ថេរភាពនយោបាយ រីឯសេដ្ឋកិច្ចពឹងផ្អែកតែទៅលើការនាំចេញផ្លែឈើ និងការវិនយោគពីបរទេស។ មកទល់ពេលនេះសហរដ្ឋអាមេរិក នៅតែបន្តមានឥទ្ធិពលលើបណ្ដាប្រទេសទាំងនេះ ខណៈមានមូលយោធាអាមេរិកមួយ នៅក្នុងប្រទេសហុងដូរ៉ាស់។
* រដ្ឋប្រហារនៅអ៊ីរ៉ង់ឆ្នាំ១៩៥៣ (មជ្ឈិមបូព៌ា)
ឡើងកាន់អំណាចបានត្រឹមរយៈពេល ០២ឆ្នាំ អតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ង់ លោក Mohammad Mosaddegh ត្រូវបានគេទម្លាក់ចេញពីតំណែងនៅឆ្នាំ១៩៥៣។ ម្យ៉ាងវិញទៀត ការទម្លាក់លោកចេញពីតំណែងនេះ កើតមានឡើងបន្ទាប់ពីលោកបានប្រកាសពីគម្រោងធ្វើតូបនីយកម្មនៃឧស្សហកម្មប្រេងអ៊ីរ៉ង់ ហើយ CIA ទើបបានសារភាពថា ខ្លួនបានចូលរួមក្នុងរដ្ឋប្រហារទម្លាក់លោក Mosaddegh កាលពីឆ្នាំ២០១៣ កន្លងទៅ។
ផលប៉ះពាល់កើតចេញពីរដ្ឋប្រហារនេះ គឺបង្កជាការធ្វើបដិវត្តន៍ផ្ដួលរំលំរបបរាជានិយមអ៊ីរ៉ង់នៅឆ្នាំ១៩៧៩។ បន្ថែមពីលើនេះ បើតាមក្រសួងការពារជាតិអាមេរិកមួយ ក៏បានបង្ហាញដែរពីការគាំទ្រការធ្វើរដ្ឋប្រហារ ប្រឆាំងនឹងមេដឹកនាំវៀតណាមខាងជើង លោក Ngo Dinh Diem។ លោក Diem និងបងប្អូនប្រុសរបស់លោក ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ១៩៦៣ ដែល បានដុតបញ្ឆេះទៅជាសង្រ្គាមវៀតណាម។
* ប្រទេសឈីលី (អាមេរិកឡាទីន)
ប្រធានាធិបតីកាន់លទ្ធិម៉ាក្សនិយមដំបូងគេរបស់ឈីលី និងនៅក្នុងតំបន់អាមេរិកឡាទីន លោក Salvador Allende ត្រូវបានទម្លាក់ចេញពីតំណែងដោយអតីតឧត្ដមសេនីយ លោក Alberto Pinochet គាំទ្រដោយសហរដ្ឋអាមេរិកនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៧៣។ ប៉ុន្តែនៅពេលបានឡើងកាន់អំណាចជាង ២៧ឆ្នាំ លោក Pinochet បែរជាដឹកនាំប្រទេសតាមរបៀបផ្ដាច់ការ និងកណ្ដាប់ដៃដែកទៅវិញ ខណៈអ្នកគាំទ្របក្សប្រឆាំងច្រើនជាង ៣២,០០នាក់បានស្លាប់ និងច្រើនជាង ៣០,០០០នាក់ត្រូវចាប់ខ្លួន។ តែរហូតដល់ឆ្នាំ២០០០ ទើប CIA បញ្ចេញេកសារមួយស្ដីពីរដ្ឋប្រហារនេះ ក្រោមការសម្របសម្រួលរវាងយោធាឈីលី និង CIA។
* ប្រទេសអេហ្ស៊ីប (អាហ្វ្រិកខាងជើង - មជ្ឈិមបូព៌ា)
អតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi ដែលឡើងកាន់អំណាចបានត្រឹមតែមួយឆ្នាំ ក៏ត្រូវបានគេធ្វើរដ្ឋប្រហារ យោធាទម្លាក់ចេញពីអំណាចនៅឆ្នាំ២០១៣ ដោយមានការបញ្ជាដោយផ្ទាល់ពីប្រធានាធិបតីអេហ្ស៊ីបបច្ចុប្បន្ន លោក Abdel Fattah el-Sisi។ ប៉ុន្តែក្រោយមកទៀត អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានលើកឡើងថា អ្វីដែលកងទ័ពអេហ្ស៊ីបបានធ្វើគឺដើម្បីស្ដារលិទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលនេះត្រូវបានគេឃើញថា ជាចេតនាគាំទ្ររដ្ឋប្រហារនៅអេហ្ស៊ីប។
* រដ្ឋប្រហារនៅតួកគី (អឺរ៉ុប-អាស៊ីខាងលិច)
ក្រុមប្រឹក្សាសន្តិសុខជាតិតួកគី ដឹកនាំដោយប្រធានអគ្គសេនាធិការយោធា លោក Kenan Evren បានប្រកាធ្វើរដ្ឋប្រហារនៅតួកគី នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៨០។ នៅពេលនោះដែរ អតីត CIA នៅតួកគី លោក Paul Henze ត្រូវបានគេរាយការណ៍ថា បានប្រាប់អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter យ៉ាងដូច្នេះថា «ក្មេងប្រុសរបស់យើងសម្រេចកិច្ចការបានជោគជ័យហើយ»។
រហូតដល់ឆ្នាំ២០១៦ តួកគីបានជួបការធ្វើរដ្ឋប្រហារយោធាជាថ្មីម្ដងទៀត តែត្រូវបរាជ័យ។ រីឯអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា មិនបានចេញមុខថ្កោលទោសរដ្ឋប្រហានេះ ដែលផ្ដាច់ជីវិតមនុស្ស ២៥១នាក់នោះឡើយ ជាហេតុធ្វើឱ្យរដ្ឋាភិបាលទីក្រុងអង់ការ៉ាចោទថា សហរដ្ឋអាមេរិកអាចមានជាប់ពាក់ព័ន្ធនឹងទង្វើរដ្ឋប្រហារនោះ។
* អ្វីកំពុងកើតឡើងនៅវេណេស៊ុយអេឡា (អាមេរិកឡាទីន)
រដ្ឋបាលប្រធានាធិបតីអាមេរិកបច្ចុបន្នលោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រមេបក្សប្រឆាំងនៅប្រទេសនេះឲ្យធ្វើជាប្រធានាធិបតី ជំនួសឲ្យលោក ម៉ាឌូរ៉ូ ដែលបានជាប់ឆ្នោត និងទើបស្បថឡើងកាន់តំណែង។ មិនត្រឹមតែប៉ុណ្ណោះបណ្តាសម្ព័ន្ធមិត្តធំៗរបស់អាមេរិកនៅអឺរ៉ុប និងអាមេរិកឡាទីនផងដែរ សុទ្ធតែបានបន្លឺសំឡេងគាំទ្រតាមក្រោយ ដែលប្រការនេះត្រូវបានប្រទេសផ្សេងៗទៀតដែលកំពុងគាំទ្ររដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ចោទថា សហរដ្ឋអាមេរិកកំពុងគាំទ្រចេតនាធ្វើរដ្ឋប្រហារនៅវេណេស៊ុយអេឡា យ៉ាងពិតប្រាកដ៕
ប្រភព៖ សារព័ត៌មានតួកគី Anadolu (ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩)